
ទីភ្នាក់ងារអវកាសអាមេរិកបានប្រាប់ឲ្យដឹងថា ផ្កាយរណបរុស្ស៊ី បានផ្ទុះទៅជាកម្ទេចកម្ទីជាង ១០០បំណែកមួយរំពេច នៅក្នុងគន្លងតារាវិថី ដោយបង្ខំឲ្យអវកាសយានិក នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ចូលទៅជ្រកក្នុងទីជម្រកសុវត្ថិភាព។
ភ្លាមៗ នៅមិនមានព័ត៌មានលម្អិតនោះទេ អំពីអ្វីដែលបណ្តាលឲ្យមានការបែកជាបំណែកនៃផ្កាយរណបអង្កេតផែនដីរបស់រុស្ស៊ីឈ្មោះ RESURS-P1 ដែលត្រូវបានបញ្ឈប់មិនប្រើប្រាស់នៅឆ្នាំ២០២២។
ការិយាល័យស្ថានីយអវកាសរបស់អង្គការ NASA បាននិយាយថា ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្នុងគន្លងតារាវិថីមួយ នៅជិតស្ថានីយអវកាសអន្តរជាតិ ដោយជំរុញឲ្យអវកាសយានិកអាមេរិក នៅលើស្ថានីយនោះទៅជ្រកកោនក្នុងយានអវកាសរបស់ពួកគេអស់រយៈពេលប្រហែល ១ម៉ោង៕