យោងតាមរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស្រីលង្កា បានស្នើសុំឱ្យប្រទេសរុស្ស៊ី អនុញ្ញាតឱ្យអតីតទាហានរបស់ខ្លួន ដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន វិលត្រឡប់មកប្រទេសវិញដោយស្ម័គ្រចិត្ត។

ក្រសួងការបរទេសរបស់ទីក្រុងកូឡុំបូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គណៈប្រតិភូផ្លូវការមួយក្រុម បានបើកកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុងមូស្គូក្នុងសប្តាហ៍នេះ ជាកន្លែងដែលក្រសួង បានទាមទារសំណងសម្រាប់ប្រជាជនស្រីលង្កា ១៧ នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ។
សភារបស់ប្រទេសស្រីលង្កា បានបង្កើតការស៊ើបអង្កេតទ្វេភាគីកាលពីខែមុន ដើម្បីតាមដានអតីតយុទ្ធជនយ៉ាងហោចណាស់២.០០០នាក់ ដែលតាមសេចក្តីរាយការណ៍ថា បានចុះឈ្មោះនៅខាងភាគីសង្គ្រាមរបស់រុស្ស៊ី។ យោងតាមអាជ្ញាធរប្រទេសស្រីលង្កាបានឱ្យដឹងថា យ៉ាងហោចណាស់អតីតទាហានម្នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីបានចូលរួមជាមួយកងកម្លាំងអ៊ុយក្រែន។

ក្រសួង បាននិយាយថា កិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ផ្តោតលើការតាមដានប្រជាជនស្រីលង្កា ដែលត្រូវបានដាក់ពង្រាយជាទាហាន ហើយតាមសេចក្តីរាយការណ៍ថា មានអ្នករងរបួស ខណៈក៏មានការខិតខំប្រឹងប្រែងដើម្បីតាមដានអ្នកដែលបាត់ខ្លួនផងដែរ។
ក្រសួង បាននិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក លោក ថារ៉ាកា បាឡាស៊ូរីយ៉ា(Tharaka Balasuriya) ដែលបានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងមូស្គូ បានលើកឡើងពីលទ្ធភាពនៃការវិលត្រឡប់មកវិញដោយស្ម័គ្រចិត្ត បញ្ចប់កិច្ចសន្យាមុនកាលកំណត់ និងរៀបចំឲ្យបានត្រឹមត្រូវនៃប្រាក់ឈ្នួល ឬប្រាក់សំណង។
នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ធ្លាក់ចុះនៅក្នុងឆ្នាំ២០២២ ប្រជាជនបានស្វែងរកការងារធ្វើនៅក្រៅប្រទេសគ្រប់ទីកន្លែង ដែលពួកគេអាចរកបាន រួមទាំងអតីតទាហាន ដែលបានចូលរួមជាមួយកងកម្លាំងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយលុករបស់រុស្ស៊ី។
ក្រុមគ្រួសាររបស់ពួកគេ បាននិងកំពុងដាក់សម្ពាធលើអាជ្ញាធរតំបន់ ឲ្យជួយនាំពួកគេត្រឡប់មកវិញ។ រដ្ឋាភិបាល និយាយថា ប្រជាជនស្រីលង្កា រាប់សិបនាក់ ក៏ត្រូវបានគេឃុំខ្លួនជាឈ្លើយសឹកសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនផងដែរ។