ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ (Xinhua) បានរាយការណ៍ថា គណបក្សកុម្មុយនិស្តចិន កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) បានបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិ លោក លី សាងហ្វ៊ូ (Li Shangfu) និងអ្នកកាន់តំណែងមុនគឺលោក វ៉ី ហ្វឹងហឺ (Wei Fenghe) ពីបទ «បំពានវិន័យយ៉ាងធ្ងន់ធ្ងរ» ដែលជាឃ្លាប្រើជំនួសអំពើពុករលួយ។

របាយការណ៍បាននិយាយដោយដកស្រង់គណៈកម្មាធិការមជ្ឈិមដែលបញ្ជាឱ្យស៊ើបអង្កេតថា លោក លី ត្រូវបានគេសង្ស័យថាបានទទួល «ចំនួនលុយដ៏ច្រើន» ក្នុងការសូកប៉ាន់ ក៏ដូចជាបានសូកប៉ាន់អ្នកដទៃ ហើយការស៊ើបអង្កេតបានរកឃើញថា លោក «មិនបានបំពេញទំនួលខុសត្រូវផ្នែកនយោបាយ» និង «កេងផលប្រយោជន៍បុគ្គលិកសម្រាប់ខ្លួនឯង និងអ្នកដទៃ»។

លោក លី ត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ យ៉ាងអាថ៌កំបាំងដោយគ្មានការពន្យល់កាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលពីរខែ។ នេះជាលើកទីមួយហើយ ដែលប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា លោក លី ស្ថិតនៅក្រោមការស៊ើបអង្កេត ក៏ដូចជាព័ត៌មានលម្អិតអំពីលក្ខណៈនៃបទល្មើសរបស់លោក។
ជាមួយគ្នានេះ លោក វ៉ី ហ្វឹងហឺ ដែលជាអ្នកកាន់តំណែងពីមុនរបស់លោក លី ក៏បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈចាប់តាំងពីលោកត្រូវបានជំនួសកាលពីខែមីនា ឆ្នាំមុន ក្នុងអំឡុងពេលការរុះរើគណៈរដ្ឋមន្ត្រីដែលបានគ្រោងទុក។ សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា ការស៊ើបអង្កេតមួយដែលបានបើកដំណើរការលើលោក វ៉ី កាលពីខែកញ្ញា ឆ្នាំមុន បានរកឃើញថាលោកបានទទួលយក «ប្រាក់ក្នុងចំនួនដ៏ច្រើន និងវត្ថុមានតម្លៃ» នៅក្នុងសំណូក និង «បានជួយអ្នកដទៃឱ្យទទួលបានអត្ថប្រយោជន៍មិនសមរម្យនៅក្នុងការរៀបចំជួរបុគ្គលិក»។ របាយការណ៍បានបន្ថែមថា មន្ត្រីទាំងពីររូបនេះក៏ត្រូវបានរកឃើញថាបានប្រព្រឹត្តការរំលោភបំពានមិនជាក់លាក់ផ្សេងទៀតដែរ បុន្តែមិនបានបញ្ជាក់លម្អិតនោះទេ៕
