ភ្នំពេញ ៖ កម្លាំងសន្ដិសុខសណ្ដាប់ធ្នាប់គណៈកម្មការផ្សារអូរឫស្សីបានបាញ់សាប៊ូ ដុសលាងសម្អាតនៅបរិវេណផ្សារ ដើម្បីរក្សាបរិស្ថានអនាម័យឲ្យល្អប្រសើរ។
ដោយមានការយកចិត្តទុកដាក់ពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានណែនាំដល់គណៈកម្មការផ្សារក៏ដូចជាសន្តិសុខសណ្ដាប់ធ្នាប់ផ្សារអូរឫស្សីឲ្យបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់ជាប្រចាំដើម្បីរក្សាអនាម័យនិងសណ្ដាប់ធ្នាប់ ក្នុងបរិវេណផ្សារឲ្យបានល្អប្រសើរ។ ជាពិសេសបានបាញ់ទឹកលាងសំអាត ជាប្រចាំសប្តាហ៍ដើម្បីមិនឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ទីតាំងដែលមានជាតិខ្លាញ់ និងដីប្រឡាក់ ជូនដល់អតិថិជនចូលផ្សារក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារផងដែរ ធ្វើយ៉ាងណាឲ្យមាន ផាសុកភាព សោភ័ណ្ឌភាព និងអនាម័យស្អាតល្អ។
លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឬស្សីបានប្រាប់BTVឲ្យដឹងថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ គឺគណៈកម្មការត្រូវយកចិត្តទុកជាប្រចាំ មិនឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ជាពិសេសទីតាំងលក់សាច់ជ្រូក ត្រីងៀត ជាដើម ដែលមានជាតិខ្លាញ់ ក្លិន និងដីប្រឡាក់ ដើម្បីជួយបាញ់ទឹកលាងសំអាត បរិស្ថានអនាម័យឲ្យល្អប្រសើរ។ ដូច្នេះក្នុងនាមលោកជាប្រធានគណៈកម្មការផ្សារលោកបានបញ្ជាក់ថាកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារបានយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ និងបានយកថ្ងៃព្រហស្បតិ៍នៃសប្តាហ៍ ធ្វើការបាញ់ទឹកសាប៊ូ លាងសំអាត ក្នុងបរិវេណផ្សារ ជាប្រចាំ។
លោក ប្រធានគណៈកម្មការផ្សារអូរឬស្សី បន្ថែមទៀតនោះ ក្រៅពីការបាញ់ទឹកលាងសំអាត បរិស្ថានអនាម័យ នោះ កម្លាំងគណៈកម្មការផ្សារនៅតែបន្តយកចិត្តទុកដាក់ពីបញ្ហា សន្តិសុខសណ្ដាប់ធ្នាប់ជុំវិញបរិវេណផ្សារជៀសវាងបង្កការកក់ស្ទះដល់ពលរដ្ឋដែលដំណើរឆ្លងកាត់ផ្សារ ឬចេញចូលផ្សារ ជាដើម៕
អត្ថបទ៖ កុម្ភៈ








