
មន្ត្រីក្នុងតំបន់ បានប្រាប់ថា គ្រោះរញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ បានវាយប្រហារនៅជិតឆ្នេរសមុទ្រ ក្នុងតំបន់ Arequipa ភាគខាងត្បូងប្រទេសប៉េរូ ដោយពួកគេបានបន្ថែមថា មិនមានអ្នកស្លាប់ត្រូវបានរាយការណ៍នោះឡើយ។
ប្រធានផ្នែកគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការពារជាតិ នៅក្រសួងសុខាភិបាល លោក David Aponte បានប្រាប់វិទ្យុក្នុងស្រុក RPP ថា មានអ្នករងរបួសស្រាលតែ ៣នាក់ប៉ុណ្ណោះ។
បន្ទាប់ពីការរញ្ជួយដីនេះ តំបន់ Arequipa ត្រូវបានវាយប្រហារដោយរលករញ្ជួយដីចំនួន ៤ ដោយមានកម្រិតពី ៤ ទៅ ៤,៦រ៉ិចទ័រដែលបណ្តាលឲ្យមានជាបំណាក់ដីមួយចំនួន នៅលើផ្លូវក្នុងតំបន់នេះ។ រដ្ឋាភិបាលបានឲ្យដឹងនៅលើបណ្ដាញសង្គមថា ខ្លួនកំពុងត្រួតពិនិត្យ ដើម្បីវាយតម្លៃការខូចខាត និង «កំណត់ការចាត់វិធានការ»។
ចំណែកមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា មានការគំរាមកំហែងកើតរលកយក្សស៊ូណាមិពីការរញ្ជួយដីនេះ ដោយបន្ថែមកម្ពស់ទឹករលកចន្លោះពី ១ទៅ ៣ម៉ែត្រលើសកម្រិតនីវ៉ូទឹកសមុទ្រ ត្រូវបានកត់ត្រានៅតាមផ្នែកខ្លះនៃសមុទ្ររបស់ប្រទេសប៉េរូ។
តែនាយករដ្ឋមន្ត្រី លោក Gustavo Adrianzen បាននិយាយថា ការព្រមានអំពីរលកយក្សស៊ូណាមិ នៅលើឆ្នេរសមុទ្ររបស់តំបន់ Arequipa ត្រូវបានលុបចោលហើយ៕