
រដ្ឋបាលលោក បៃដិន កំពុងពិភាក្សាជាមួយអ៊ីស្រាអែល និងអ៊ុយក្រែនអំពីលទ្ធភាពនៃការបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ដ៏ចំណាស់ ដែលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់អ៊ុយ ក្រែន ខណៈដែលប្រទេសនេះ បន្តការពារខ្លួនក្នុងសង្គ្រាមជាមួយរុស្ស៊ី ខណៈដែលសហរដ្ឋអាមេរិកផ្តល់អាទិភាពជាបន្ទាន់លើការការពារដែនអាកាសសម្រាប់ទីក្រុងគីវ។ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងប្រភពដែលដឹងពីការពិភាក្សានេះ។
ពុំមានកិច្ចព្រមព្រៀងចុងក្រោយណាមួយ ត្រូវបានឈានដល់ ដើម្បីបញ្ជុនប្រព័ន្ធសំខាន់ៗនោះទេ ហើយ ប្រទេសនានា កំពុងធ្វើការតាមរយៈការដឹកជញ្ជូនជាក់លាក់ ប៉ុន្តែមន្ត្រីរដ្ឋបាលនេះ បាននិយាយថា ពួកគេសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងអាចទទួលបានជោគជ័យ ជាពិសេសដោយសារប្រសិទ្ធភាពនៃប្រព័ន្ធការពារមីស៊ីល Patriot ដែលបានដំណើរការរួចហើយ នៅក្នុងប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានបញ្ជូនប្រព័ន្ធ Patriot ទៅកាន់អ៊ុយក្រែនរួចហើយ ប៉ុន្តែរដ្ឋបាលលោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងគីវ ត្រូវការបន្ថែមទៀត ខណៈដែលរុស្ស៊ី បន្តបើកការវាយប្រហារតាមអាកាសលើប្រទេសនេះ។
ពុំទាន់ច្បាស់ថា តើដំណើរការបញ្ចប់ព័ត៌មានលម្អិត និងការបញ្ជូនប្រព័ន្ធទៅអ៊ុយក្រែន នឹងត្រូវចំណាយពេលប៉ុន្មាននោះទេ។ ប្រព័ន្ធនេះ ទំនងជាត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកជាមុនសិន ដែលជាកន្លែងដែលពួកវានឹងទទួលការជួសជុលកែលម្អឡើងវិញ មុនពេលបញ្ជូនទៅឲ្យអ៊ុយក្រែន។