
មន្ត្រីបានប្រាប់សារព័ត៌មាន AFP ថា ដោយខ្វះប្រព័ន្ធប្រឆាំងយន្តហោះគ្រប់គ្រាន់ ដើម្បីទប់ទល់ការវាយប្រហារដោយឥតឈប់ឈររបស់រុស្ស៊ី អ៊ុយក្រែនកំពុងជំរុញសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនឲ្យបង្កើតតំបន់គ្មានការហោះហើរ នៅភាគខាងលិចប្រទេស ដោយដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស នៅក្នុងប្រទេសជិតខាងប៉ូឡូញ និងរ៉ូម៉ានី។
ទីក្រុងគីវចង់បង្កើតដែនអាកាសសុវត្ថិភាព នៅភាគខាងលិចអ៊ុយក្រែន ជាកន្លែងដែលឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធថាមពល និងជនស៊ីវិល អាចត្រូវបានការពារពីការបំផ្លិចបំផ្លាញដ៏ធំ ដោយការវាយប្រហាររបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ដោយសំដៅទៅលើប្រព័ន្ធការពារដែនអាកាសដែលផលិតដោយសហរដ្ឋអាមេរិក សមាជិកសភា លោក Oleksiy Goncharenko បាននិយាយថា៖ «ខ្ញុំមិនយល់ថា ហេតុអ្វីបានជាអង្គការណាតូ (NATO) មិនដាក់ពង្រាយប្រព័ន្ធ Patriot នៅតាមព្រំដែនប៉ូឡូញ»។
លោកបានបន្ថែមថា៖ «នៅទីបំផុត មីស៊ីលរបស់រុស្ស៊ីបានចូលដែនអាកាសរបស់ប៉ូឡូញ និងរ៉ូម៉ានីរួចហើយ។ ការដាក់ពង្រាយនឹងការពារព្រំដែនប៉ូឡូញ និងរូម៉ានី ហើយនេះនឹងបង្កើតតំបន់សុវត្ថិភាពមួយនៅភាគខាងលិច និងភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន»។
សំណើនោះត្រូវបានលើកយកមកឆ្លុះបញ្ចាំងបន្ថែមដោយមន្ត្រីស៊ីវិល និងយោធាអ៊ុយក្រែនជាច្រើននាក់ ដែលបាននិយាយទៅកាន់សារព័ត៌មាន AFP ក្នុងទីក្រុងគីវ អំឡុងពេលការធ្វើដំណើរដែលត្រូវបានរៀបចំឡើង កាលពីសប្តាហ៍មុន ដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង និងមជ្ឈមណ្ឌលស្រាវជ្រាវក្នុងស្រុក New Europe Centre៕