ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានលើកទឹកចិត្តដល់វិស័យឯកជន ឲ្យបន្តបេសកម្មរបស់ខ្លួនក្នុងការពង្រីកទីផ្សារ ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ មានលក្ខណៈប្រកួតប្រជែងឈ្នះជំនួសឲ្យផលិតផលនាំចូល ជាមួយនឹងការធ្វើឲ្យអ្នកប្រើប្រាស់ និងអតិថិជនមានទំនុកចិត្ត និងការជឿជាក់ ដើម្បីទទួលបានជោគជ័យក្នុងការប្រកួតប្រជែង។
ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីអបអរសាទរ ខួប១ឆ្នាំ នៃសាប៊ូកូនក្មេងសរីរាង្គម៉ាក ក្លិន នៅល្ងាចថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្រសួងបានកំពុងជំរុញចលនាបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ជាពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចពីធនធានដែលមានក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយ ដើម្បីជួយកាត់បន្ថយការរំពឹងផ្អែកលើការនាំចូល។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍផលិតផលក្នុងស្រុក និងរងចាំផ្តល់កិច្ចសហការរាល់សំណូមពរពាក់ព័ន្ធរបស់ក្រុមហ៊ុន ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង។ បន្ថែមពីនេះ ក្រសួងកំពុងជំរុញចលនាបង្កើនផលិតកម្ម និងផលិតភាពឧស្សាហកម្មក្នុងស្រុក ជាពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចពីធនធានដែលមានក្នុងស្រុក ដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយពឹងផ្អែកលើការនាំចូល បង្កើននិងបង្កើតតម្លៃបន្ថែមខ្ពស់ និងបង្កើតនិងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត។
ឯកឧត្តម ហែម វណ្ឌី បានលើកឡើងថា ដូចដឹងហើយថា បើចង់ឲ្យប្រទេសធូរធារ ទាល់តែយើងជាប្រទេសផលិត ប្រទេសកែច្នៃ និងជាប្រទេសបង្កើនតម្លៃបន្ថែម មិនត្រឹមតែជាប្រទេសប្រើប្រាស់ប៉ុណ្ណោះទេ។ ជាមួយនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឲ្យអតិថិជនទាំងអស់ ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ដែលជាផលិតផលមានគុណភាពនិងស្តង់ដារ ដើម្បីឲ្យកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំងក្លាដូចបណ្តាប្រទេសជឿនលឿន ជាប្រទេសពូកែខាងផលិតផងដែរ។
លោក ច័ន្ទ បញ្ញារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន អាយជី ត្រេឌីងគ្រុប មានប្រសាសន៍ថា ការផ្ដល់នូវគុណតម្លៃឲ្យផលិតផលនាំចូល និងចែកចាយតែផលិតផលដែលមានដំណើរការស្រាប់ គឺអតិថិជានភាគច្រើន មិនសូវគាំទ្រនូវគុណភាពរបស់ផលិតផលក្នុងស្រុក ដោយគិតថាគុណភាពផលិតផលក្នុងស្រុក ធ្វើមិនមានស្តង់ដា និងវត្ថុធាតុដើមដែលមិនមានគុណភាព។ លោកបានបញ្ជាក់ថា ដើម្បីឲ្យផលិតផលក្នុងស្រុកអាចរស់បាន និងប្រកួតជាមួយផលិតផលនាំចូលបាន លុះត្រាតែយើងនាំគ្នាប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីឲ្យកំណើននៃការផ្គត់ផ្គង់កើនឡើង ការផលិតកើនឡើង នាំឲ្យថ្លៃថេររបស់ថ្លៃដើមធ្លាក់ចុះ និងនាំឲ្យតម្លៃផលិតផលខ្មែរអាចប្រកួតជាមួយគេបាន។ បន្ថែមពីនេះ អ្នកអ្នកប្រើប្រាស់ខ្មែរទាំងអស់ ឈប់គិតថា ផលិតផលក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើមដែលមានតម្លៃធូរថ្លៃ ខណៈដែលផលិតករបានខិតខំស្វែងរកនូវគុណភាពជូនអ្នកប្រើប្រាស់។
លោក សាង ប៉េងគី នាយកប្រតិបត្តិក្រុមហ៊ុន ខ្មែរ ហៅហូល អេន ហ៊ែលឃែរ (KHH) បានលើកឡើងថា ការគាំទ្រផលិតផលក្នុងស្រុក គឺជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។ លោកបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តជួយគាំទ្រផលិតផលខ្មែរកាន់តែច្រើនថែមទៀត ដើម្បីជួយបង្កើតការងារជូនពលរដ្ឋខ្មែរ ក៏ដូចជាជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើនទាំងអស់គ្នា។
សូមជម្រាបថា ក្រុមហ៊ុន IG Trading Group បានក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុន KHH ដើម្បីចែកចាយផលិតផលក្នុងស្រុកដែលមានគុណភាព ដូចជា៖សាប៊ូកក់សក់ ដុសខ្លួន សាប៊ូលាងដប សម្រាប់កុមារ និងទារកម៉ាក KLEN ដែលជាយីហោបញ្ជាក់ពីគុណភាពរបស់ខ្មែរ ជាមួយនឹងរូបមន្តពីប្រទេសកូរ៉េខាងត្បូង៕ ដោយ ៖ បូរ៉ាវី





