
មន្ត្រី បាននិយាយថា រុស្ស៊ីបានវាយប្រហារដោយមីស៊ីលទៅលើអគារលំនៅដ្ឋានកម្ពស់ ៩ជាន់ នៅទីក្រុង Dnipro ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ(ទី២៨ ខែមិថុនា) ដោយបានបណ្តាលឲ្យ មនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង១២នាក់ផ្សេងទៀត រងរបួស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ihor Klymenko បានព្រមានថា ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង ខណៈដែលមនុស្សជាច្រើនទៀត នៅតែជាប់ខ្លួនក្នុងអគារ ដែលអគារខ្ពស់ចំនួន ៤ បានដួលរលំ ដោយសារ ការវាយប្រហារនោះ។

សេចក្តីថ្លែងការណ៍ក្រោយមកពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា អគ្គិភ័យនៅកន្លែងនោះ ត្រូវបានពន្លត់ហើយសាកសពមនុស្សម្នាក់ ត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក ហើយមនុស្សពីរនាក់ ត្រូវបានគេកត់ត្រា ថា បានបាត់ខ្លួន។
អភិបាលតំបន់លោក Serhiy Lysak បាននិយាយថា មនុស្ស ១២ នាក់ បានរងរបួសក្នុងនោះមានទារកអាយុ ៧ ខែម្នាក់។ មនុស្សបីនាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី បានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បង្កើនការផ្គត់ផ្គង់ការពារដែនអាកាស ដើម្បីជួយយោធាស្ទាក់ចាប់ការវាយប្រហារតាមអាកាសជាប្រចាំរបស់រុស្ស៊ី។