
ក្រុមតស៊ូមតិសិទ្ធិមនុស្ស កាលពីថ្ងៃសុក្រ (២៨ មិថុនា) បានរិះគន់ការលើកឡើងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចំពោះជនជាតិប៉ាឡេស្ទីន និងជនអន្តោប្រវេសន៍ដែលត្រូវបានចោទប្រកាន់ថាបានដណ្ដើមការងារជនជាតិអាមេរិកស្បែកខ្មៅ ក្នុងអំឡុងពេលជជែកដេញដោលកាលពីថ្ងៃព្រហស្បតិ៍ ជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដោយបានហៅការលើកឡើងនោះថាប្រកាន់ពូជសាសន៍ ឬការប្រមាថ។
លោក បៃដិន និងលោក ត្រាំ បានជជែកខ្លីៗស្តីពីសង្រ្គាមនៅតំបន់ហ្កាហ្សា ប៉ុន្តែមិនមានការពិភាក្សាច្បាស់លាស់អំពីរបៀបបញ្ចប់ជម្លោះទេ។ លោក បៃដិន បាននិយាយថា៖ «អ្នកតែម្នាក់គត់ដែលចង់ឱ្យសង្រ្គាមបន្តគឺក្រុមហាម៉ាស» ខណៈលោក ត្រាំ បានឆ្លើយតបលើប្រធានបទនោះថា លោក បៃដិន បាន «ប្រែក្លាយដូចជាជនជាតិប៉ាឡេស្ទីន» ដែលនេះជាការលើកឡើងដែលក្រុមតស៊ូមតិសិទ្ធិបាននិយាយថា ជ្រុលហួសហេតុពេកដូចជាការប្រមាថ។
លោក ត្រាំ បាននិយាយថា «តាមពិតទៅ អ៊ីស្រាអែលទេគឺជាអ្នកដែលចង់បន្តសង្រ្គាម ហើយយើងគួរតែអនុញ្ញាតឱ្យពួកគេបញ្ចប់ការងារនោះទៅ។ ប៉ុន្តែលោក បៃដិន មិនចង់ធ្វើបែបនេះឡើយ។ លោកបានប្រែក្លាយដូចជាជនជាតិប៉ាឡេស្ទីនខ្លាំងណាស់ ប៉ុន្តែពួកគេមិនចូលចិត្តលោកទេ ពីព្រោះលោកជាជនជាតិប៉ាឡេស្ទីនដ៏អាក្រក់ និងទន់ខ្សោយ»។
ក្រុមប្រឹក្សានៃក្រុមតស៊ូមតិផ្នែកទំនាក់ទំនងអ៊ីស្លាមអាមេរិក បាននិយាយថា លោក បៃដិន បានធ្វើខុសក្នុងការអះអាងថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចង់ឱ្យសង្រ្គាមបញ្ចប់ ខណៈបន្ថែមថា ខ្លួនក៏បានចាត់ទុកការអត្ថាធិប្បាយលើជនជាតិប៉ាឡេស្ទីនរបស់លោក ត្រាំ ក្នុងការជជែកដេញដោល ថាជាការប្រមាថជាតិសាសន៍៕