
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃសៅរ៍ (២៩ មិថុនា) បានចូលរួមកម្មវិធីរៃអង្គាសថវិកាដ៏ធំមួយនៃយុទ្ធនាការបោះឆ្នោតរបស់ខ្លួន ដោយស្វះស្វែងរកការធានាទំនុកចិត្តឡើងវិញចំពោះម្ចាស់ជំនួយធំៗថាលោកនៅតែអាចឈ្នះការបោះឆ្នោតឡើងវិញក្នុងខែវិច្ឆិកា បើទោះបីជាធ្វើមិនបានល្អក្នុងការជជែកដេញដោល ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យជាច្រើនក៏ដោយ។
អមដំណើរលោកនៅឯកម្មវិធីរៃអង្គាសប្រាក់នៅរដ្ឋ ញូវយ៉ក (New York) និងរដ្ឋ ញូវជឺស៊ី (New Jersey) គឺស្ត្រីទីមួយ លោកស្រី ជីល បៃដិន (Jill Biden) ដែលបានការពារស្វាមីវ័យ ៨១ ឆ្នាំរបស់ខ្លួនយ៉ាងខ្លាំងក្លា ស្របពេលមានការអំពាវនាវឱ្យលោកចុះចេញពីតំណែង។ លោកស្រីបានប្រាប់ការប្រមូលផ្ដុំមួយថា «លោក បៃដិន មិនមែនគ្រាន់តែជាជម្រើសត្រឹមត្រូវសម្រាប់ការងារនេះទេ គឺលោកជាមនុស្សតែម្នាក់គត់សម្រាប់តំណែងនេះ»។
លោកប្រធានាធិបតីរូបនេះកំពុងប្រឈមមុខនឹងរលកនៃការសង្ស័យ បន្ទាប់ពីការជជែកដេញដោលកាលពីយប់ថ្ងៃទី២៧ ខែមិថុនា ប្រឆាំងនឹងគូប្រជែងមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ (Donald Trump) បន្ទាប់ពីលោកបានបានភាពរអាក់រអួលជាញឹកញាប់ចំពោះពាក្យសម្ដី និងបាត់បង់ការគិតរបស់ខ្លួន ដែលធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីវ័យចំណាស់ និងភាពវង្វេងស្មារតីរបស់លោក។
អ្នកធ្វើអត្ថាធិប្បាយនយោបាយជាច្រើនបានអំពាវនាវឱ្យលោក បៃដិន ឈប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី បន្ទាប់ពីការជជែកដេញដោលនោះ រួមទាំងក្រុមប្រឹក្សាភិបាលរបស់សារព័ត៌មាន ញូវយ៉ក ថែមស៍ (The New York Times) ដ៏ល្បីផងដែរ។ មិនទាន់មានសមាជិកបក្សប្រជាធិបតេយ្យជាប់ឆ្នោតជាន់ខ្ពស់ណាម្នាក់បានចូលរួមការអំពាវនាវនេះទេ ខណៈលោកអតីតប្រធានាធិបតីពីររូបគឺលោក បារាក់ អូបាម៉ា (Barack Obama) និងលោក ប៊ីល ឃ្លីងតុន (Bill Clinton) បានបញ្ជាក់ជាសាធារណៈពីការគាំទ្ររបស់ពួកគេចំពោះលោក បៃដិន៕