ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (៣០ មិថុនា) ថា កងកម្លាំងរុស្ស៊ី បានវាយដណ្ដើមកាន់កាប់ភូមិ ស្ពានេ (Spirne) និងភូមិ ណូវ៉ូលេកសានឌ្រីវកា (Novooleksandrivka) ក្នុងតំបន់ ដូណិតស្ក៍ (Donetsk) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយក្នុងកម្មវិធីផ្ញើសារ តេលេក្រាម បាននិយាយថា កងកម្លាំងរបស់ខ្លួនក៏បានពង្រឹងទីតាំងរបស់ពួកគេនៅតាមសមរភូមិជួរមុខជុំវិញភូមិទាំងនោះផងដែរ។

ភូមិ ស្ពានេ មានទីតាំងនៅភាគខាងកើតនៃតំបន់ ដូណិតស្ក៍ ជិតព្រំដែនជាមួយតំបន់ លូហានស្ក៍ (Luhansk) របស់អ៊ុយក្រែន។ ភូមិ ណូវ៉ូលេកសានឌ្រីវកា ស្ថិតនៅចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង ស្ពានេ។
អគ្គសេនាធិការរបស់អ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃរបស់ខ្លួនអំពីស្ថានភាពនៅលើសមរភូមិថា «ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា» កំពុងកើតឡើងនៅក្នុងតំបន់ជុំវិញភូមិ ប៉ុន្តែមិនបានរាយការណ៍ពីការខាតបង់ណាមួយឡើយ។

តំបន់ ដូណិតស្ក៍ គឺជាតំបន់មួយក្នុងចំណោមតំបន់ចំនួន ៤ នៅភាគខាងកើត និងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ដែលរុស្ស៊ី អះអាងថាបានដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធនៅចុងឆ្នាំ២០២២ នៅក្នុងជំហានមួយដែលត្រូវបានថ្កោលទោសថាខុសច្បាប់ដោយបណ្ដាប្រទេសភាគច្រើននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ រុស្ស៊ី មិនបានគ្រប់គ្រងតំបន់ណាមួយពេញលេញក្នុងចំណោមតំបន់ទាំងបួននោះទេ៕