ការផ្ទុះឧស្ម័នធម្មជាតិនៅក្នុងខេត្ត Izmir ភាគខាងលិចប្រទេសទួរគី កាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងយ៉ាងហោចណាស់៦០នាក់ផ្សេងទៀតរងរបួស។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ TRT គ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅក្នុងទីតាំងអាជីវកម្មមួយកន្លែង នៅជាន់ផ្ទាល់ដី នៃអគារមួយក្នុងស្រុក Torbali ។
យោងតាមសារព័ត៌មាន TRT បាននិយាយថា យ៉ាងហោចណាស់អ្នករបួស១០នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អភិបាលខេត្ត Izmir លោក Suleyman Elban បានប្រាប់សារព័ត៌មាន TRT ថា ការផ្ទុះនេះ បានបំផ្លាញអគារចំនួន ១១ កន្លែង នៅក្នុងតំបន់ជុំវិញនោះ។
លោក Elban និយាយថា ជាវិធានការប្រុងប្រយ័ត្នជាមុន ការផ្គត់ផ្គង់ឧស្ម័នត្រូវបានកាត់ផ្តាច់ ហើយអ្នកនៅក្នុងតំបន់នោះ កំពុងត្រូវបានជម្លៀសចេញ។ កងកម្លាំងសន្តិសុខរបស់យើង បានចាត់វិធានការចាំបាច់ជាច្រើន។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុន Twitter ថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមសម្រាប់ស្វែងរកមូលហេតុនៃការផ្ទុះនេះ ដោយមានការសម្របសម្រួលពីរដ្ឋអាជ្ញាសាធារណៈពីររូប។