នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃអាទិត្យ (៣០ មិថុនា) បានច្រានចោលការលើកឡើងដែលថាគណបក្សរបស់លោកនឹងត្រូវចាញ់នៅក្នុងការបោះឆ្នោតសកលថ្ងៃទី០៤ ខែកក្កដា ខាងមុខនេះ ដោយប្រើការបង្ហាញខ្លួនតាមទូរទស្សន៍ចុងក្រោយរបស់លោកដើម្បីការពារកំណត់ត្រារបស់ក្រុមអភិរក្សនិយមលើបញ្ហាសេដ្ឋកិច្ច។

លោក ស៊ូណាក់ បានប្រាប់សារព័ត៌មាន BBC ថាលោកជឿជាក់ថាលោកនឹងនៅតែកាន់អំណាចនៅចុងសប្តាហ៍នេះ បើទោះបីជាការស្ទង់មតិបានរកឃើញថាក្រុមអភិរក្សនិយមកំពុងដើរនៅពីក្រោយគណបក្សប្រឆាំងគឺបក្សការងាររបស់ ឃា ស្តាមឺ (Keir Starmer) ក៏ដោយ។ ខណៈពេលដែលលោកបានទទួលស្គាល់ថាប៉ុន្មានឆ្នាំចុងក្រោយនេះ «មានការពិបាកសម្រាប់អ្នកគ្រប់គ្នា» លោក ស៊ូណាក់ បានប្រកាសថា «វាខុសទាំងស្រុង» ក្នុងការលើកឡើងថា ជំហររបស់ចក្រភពអង់គ្លេសនៅលើពិភពលោកបានថយចុះចាប់តាំងពីការចាកចេញពីសហភាពអឺរ៉ុប។

បន្ទាប់ពីរយៈពេល ១៤ ឆ្នាំនៃរដ្ឋាភិបាលដែលដឹកនាំដោយអភិរក្សនិយម អ្នកបោះឆ្នោតជាច្រើនបានស្តីបន្ទោសគណបក្សនេះចំពោះវិបត្តិតម្លៃចំណាយខ្ពស់ក្នុងការរស់នៅរបស់ចក្រភពអង់គ្លេស បញ្ជីរង់ចាំរយៈពេលយូរសម្រាប់ការថែទាំសុខភាព កម្រិតខ្ពស់នៃអន្តោប្រវេសន៍ និងការផ្លាស់ប្ដូរទីលំនៅដែលបណ្តាលមកពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។

លោក ស៊ូណាក់ ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្នុងខែតុលា ឆ្នាំ២០២២ បានព្យាយាមបំបិទមាត់អ្នករិះគន់របស់ខ្លួនដោយអះអាងថា គោលនយោបាយរបស់លោកបានចាប់ផ្តើមដោះស្រាយបញ្ហាទាំងនោះ ហើយព្រមានថាលោក ស្តាមឺ ដែលជាមេដឹកនាំបក្សការងារ នឹងដំឡើងពន្ធប្រសិនបើគណបក្សរបស់លោកឈ្នះការបោះឆ្នោត៕