ទាហានអ៊ីស្រាអែល១៨នាក់ បានរងរបួស ដែលក្នុងចំណោមនេះ ម្នាក់រងរបួសធ្ងន់នៅក្នុងការវាយប្រហារដោយយានដ្រូននៅតំបន់ខ្ពង់រាប Golan Heights ភ្ជាប់ឧបសម្ព័ន្ធដោយអ៊ីស្រាអែល ដោយត្រូវបានរាយការណ៍ដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF)។

យោងតាមសេចក្តីថ្លែងការណ៍របស់កងកងកម្លាំង IDF បានឲ្យដឹងថា ការវាយប្រហារ បានកើតឡើងនៅផ្នែកភាគខាងជើង តំបន់ខ្ពង់រាប Golan Heights ទោះបីជាប្រភពដើមនៃយានដ្រូនពុំត្រូវបានគេបញ្ជាក់ក៏ដោយ។ ទាហាន ដែលរងរបួសត្រូវបានគេជម្លៀសភ្លាមៗទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីព្យាបាលបន្ទាន់។

នៅក្នុងការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារកាលពីយប់ថ្ងៃអាទិត្យដាក់គោលដៅទៅលើទីតាំងច្រើនកន្លែងរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។
ការវាយប្រហារ រួមមានទាំងការវាយបាញ់ផ្លោងទៅលើប៉ុស្តិ៍សង្កេតការណ៍របស់ ក្រុមហេសបូឡា និងទីតាំងជើងទម្របាញ់មីស៊ីល ដែលត្រូវបានប្រើប្រាស់ ដើម្បីបាញ់មីស៊ីលឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែល។
ឧបទ្ទវហេតុចុងក្រោយនេះ បង្ហាញពីការបន្តនៃអំពើហិង្សាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធ និងគណបក្សនយោបាយនៅប្រទេសលីបង់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក។