លោក Husam Badran សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យឯកភាពជាតិ កើតមានឡើងនៅក្នុងប៉ាឡេស្ទីនបង្រួបបង្រួម ខណៈដែលលោក បានលើកទឹកចិត្តប៉ាឡេស្ទីនប្រដាប់អាវុធ នៅតំបន់វេសបែង ឲ្យតស៊ូប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល។

ថ្លែងនិយាយទៅកាន់ទូរទស្សន៍ Qudsna កាលពីថ្ងៃសៅរ៍ លោក Badran បាននិយាយថា ក្រុមហាម៉ាសចង់ឲ្យប៉ាឡេស្ទីនមានការបង្រួបបង្រួមតំបន់ហ្កាហ្សា និងតំបន់វេសបែង ក៏ដូចជាទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ក្រោមរដ្ឋាភិបាលតែមួយ ដែលក្រុមប្រឆាំងប៉ាឡេស្ទីនទាំងអស់ អាចចូលរួមក្នុងការគ្រប់គ្រងបាន។

ការអត្ថាធិប្បាយនេះ ហាក់ដូចជាបានធ្វើឡើង ដើម្បីបដិសេធការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឲ្យកម្ទេចក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាមដ៏ឃោរឃៅរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងទទួលយកតែបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស លែងគ្រប់គ្រងតំបន់ហ្កាហ្សានោះ។
លោក Badran បាននិយាយថា៖«គ្មានអ្វីអាចត្រូវបានរៀបចំនៅក្នុងដែនដីប៉ាឡេស្ទីន ដោយក្រុមហាម៉ាសមិនមានវត្តមាន និងមិនអំណាចនោះទេ» ។ «ភាគីអន្តរជាតិ និងក្នុងតំបន់ ដឹងថា ការលុបបំបាត់ក្រុមហាម៉ាស គឺមិនអាចទៅរួចទេ។ រាល់ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីដាក់សម្ពាធក្រុមហាម៉ាសឲ្យទាញយកសម្បទានរបស់ខ្លួននោះ បានបរាជ័យ ហើយផែនការនយោបាយ និងការចរចាក្នុងរឿងនេះ ក៏មិនបានជោគជ័យដែរ»។
