
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានអំពាវនាវឲ្យទីក្រុងសេអ៊ូល ធ្វើការស៊ើបអង្កេតឲ្យបានឆាប់លើមូលហេតុនៃអគ្គិភ័យឆេះរោងចក្រ ផលិតអាគុយមួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង។
អគ្គិភ័យនោះ បានឆាបឆេះរោងចក្រអាគុយលីចូមមួយកន្លែង នៅទីក្រុង Hwaseong មានចម្ងាយ ៤៥ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល ដោយបានបណ្តាលឲ្យកម្មករ ២៣នាក់ ស្លាប់ ក្នុងនោះមានជនជាតិចិន ១៧នាក់ ផងដែរ។
លោក វ៉ាង បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Hae-chan កាលពីថ្ងៃសៅរ៍ នៅខាងក្រៅសន្និសីទ នៅទីក្រុងប៉េកាំងថា៖«កូរ៉េខាងត្បូង គួរតែកំណត់ឲ្យបានឆាប់រហ័សនូវមូលហេតុនៃឧបទ្ទវហេតុនេះ ហើយដោះស្រាយវា ដោយការទទួលខុសត្រូវ»។
លោក ក៏បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការបន្តធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ដែលលោក បានពិពណ៌នាថា ជា «អ្នកជិតខាងដ៏ជិតស្និទ្ធ» និង «ដៃគូពិតប្រាកដ»។
លោក វ៉ាង យី ក៏បានបញ្ជាក់ថា៖«ប្រទេសចិនសង្ឃឹមថា នឹងធ្វើការរួមគ្នាជាមួយកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយវិបុលភាព ស្ថិរភាព និងនិរន្តរភាព នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ពួកគេ»។