
គ្រួសារដ៏មានឥទ្ធិពលរបស់ប្រទេសហ្វីលីពីនត្រកូល Marcos និង Duterte ដែលជាសម្ព័ន្ធមិត្តមានភាពប្រេះឆានឹងគ្នាអស់រយៈពេល ២ឆ្នាំ កំពុងបង្កើនការប្រកួតប្រជែង ក្នុងការបោះឆ្នោតមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងប៉ុន្មានឆ្នាំខាងមុខ។
កាលពីថ្ងៃទី២៥ ខែមិថុនា ការលាលែងពីតំណែងរបស់អនុប្រធានាធិបតី លោកស្រី Sara Duterte ជារដ្ឋមន្ត្រីក្រសួងអប់រំ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr ត្រូវបានតាមមកដោយការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ឪពុក គឺអតីតប្រធានាធិបតី លោក Rodrigo Duterte វ័យ ៧៩ឆ្នាំ និងបងប្អូន ២នាក់របស់លោកស្រី នឹងឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតព្រឹទ្ធសភានៅឆ្នាំ២០២៥។
ការដួលរលំនៃសម្ព័ន្ធភាពនេះ ត្រូវបានរំពឹងទុកជាយូរមកហើយ ប៉ុន្តែការប្រកួតប្រជែងនយោបាយដោយមនុស្សរបស់ត្រកូល Duterte អាចធ្វើឲ្យប៉ះពាល់ក្តីសង្ឃឹមរបស់លោក Marcos ក្នុងការបង្រួបបង្រួមអំណាច ដើម្បីឲ្យលោកអាចរៀបចំអ្នកស្នងតំណែងដ៏មានសក្តានុពល សម្រាប់ការបោះឆ្នោតឆ្នាំ២០២៨ នៅពេលដែលអ្នកវិភាគនិយាយថា លោកស្រី Sara Duterte អាចស្វែងរកតំណែងកំពូលនេះ។ គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនត្រូវបានកំណត់ត្រឹមមួយអាណត្តិរយៈពេល ៦ឆ្នាំប៉ុណ្ណោះ។
លោក Jean Encinas-Franco សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យហ្វីលីពីន បាននិយាយថា «វាគឺជាការគំរាមកំហែងមួយ»។ លោកបានបន្ថែមថា វាគឺជាសារមួយទៅកាន់ត្រកូល Marcos ខណៈវាជាសារមួយទៅកាន់ប្រជាជនហ្វីលីពីនថា «យើងនៅរស់ និងសកម្មណាស់»។
លោក Marcos វ័យ ៦៦ឆ្នាំ បានច្រានចោលថា ផែនការចូលរួមប្រកួតប្រជែងរបស់លោក Dutertes គឺជាការគំរាមកំហែង ដោយកាលពីថ្ងៃទី២៧ ខែមិថុនា ប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាប្រទេសសេរី»។ ពួកគេត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីដែលពួកគេចង់បាន»៕