
បណ្ដាសត្រូវរបស់អាមេរិក មិនត្រឹមតែយល់ថា ប្រធានាធិបតី លោក Joe Biden បានបរាជ័យនៅក្នុងការជជែកដេញដោល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមកប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអះអាងថា សហរដ្ឋអាមេរិកគឺជាអ្នកចាញ់យ៉ាងពិតប្រាកដ។
រុស្ស៊ី ចិន អ៊ីរ៉ង់ និងប្រទេសដទៃទៀត បានចូលរួមបញ្ចេញការយល់ឃើញ បន្ទាប់ពីការធ្វើមិនបានល្អរបស់លោក Biden បាននាំឲ្យអ្នកតាមដានស្រឡាំងកាំងគ្រប់គ្នា។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងនោះ ដែលភាគច្រើនជាគ្រប់គ្រងដោយរដ្ឋាភិបាល បានទាញយកលទ្ធផលនៃការជជែកដេញដោលនោះ ដើម្បីរិះគន់សហរដ្ឋអាមេរិក។
លោកស្រី Rebekah Koffler ដែលជាអ្នកវិភាគចារកម្មយោធាយុទ្ធសាស្ត្រ និងជាអ្នកនិពន្ធសៀវភៅ «Putin's Playbook» បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News Digital ថា៖ «គ្រប់បណ្ដាញសារព័ត៌មានទាំងធំទាំងតូច យកចំណែកខ្លះៗនៃលទ្ធផលនេះ ដើម្បីពិពណ៌នាអំពីអ្វីដែលបានកើតឡើង។ សារព័ត៌មានខ្លះយកចំណែកច្រើនជាងមួយមកវិភាគបកស្រាយ។ ភាគច្រើននៃសារព័ត៌មាននោះ បើទោះជាមិនទាំងអស់ក៏ដោយ គឺប្រមាថដល់បេក្ខជនទាំង២ និងចំអកដល់អាមេរិក»។ លោកស្រីបានបន្ថែមថា៖ «អ្វីដែល (ប្រធានាធិបតីរុស្ស៊ី) វ្ល៉ាឌីមៀរ ពូទីន កំពុងឃើញ គឺថា សង្គមអាមេរិកមានការប្រេះស្រាំយ៉ាងខ្លាំង ដោយប្រើប្រាស់បញ្ហាផ្ទាល់ខ្លួនមកពាក់ព័ន្ធ»។
ចំណែកចិនក៏បានបង្ហាញទស្សនៈមិនអំណោយផល ចំពោះការជជែកដេញដោលគ្នានេះដែរ។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ ហាក់ដូចជាមិនសូវអើពើជាទូទៅនោះទេ ប៉ុន្តែសារព័ត៌មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋបានដាក់ចំណងជើងថា នេះជា «ការជជែកដេញដោលប្រធានាធិបតីដ៏ច្របូកច្របល់បំផុតមិនធ្លាប់មាន» និង «ដូចជាកម្មវិធីបង្ហាញការពិត« ខណៈពេលដែលក៏បង្ហាញពីពេលវេលាដែលលោក Biden និង Trump និយាយអំពីប្រទេសចិន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ BBC។
សូម្បីតែប្រតិកម្មនៅក្នុងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប គឺបង្ហាញពីភាពស្រអាប់នៃការជជែកដេញដោលនេះ ដោយក្នុងចំណោមបណ្ដាអ្នកដឹកនាំផ្សេងៗ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ នៅលើបណ្ដាញសង្គម X បានបង្ហោះសារថា អ្នកខ្លះបានចាត់ទុកថា ជាការប្រៀបធៀបដ៏អាក្រក់ រវាងលោក Biden និងមហាអធិរាជរ៉ូម៉ាំង Marcus Aurelius៕