
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា ទាហានអ៊ីស្រាអែល១៨នាក់ បានរងរបួស ដោយម្នាក់របួសធ្ងន់ នៅក្នុងការវាយប្រហារដោយយានដ្រូន នៅខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។
យោងតាមសេចក្តីថ្លែងការណ៍របស់ IDF ការវាយប្រហារនោះ បានកើតឡើងនៅក្នុងផ្នែកភាគខាងជើងនៃ ខ្ពង់រាប Golan Heights ទោះបីជាប្រភពដើមនៃយានដ្រូន ត្រូវបានបញ្ជាក់ក៏ដោយ។ ទាហានដែលរងរបួស ត្រូវបានគេជម្លៀសភ្លាមៗទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីទទួលការព្យាបាលជាបន្ទាន់។
ជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ សំដៅទៅលើទីតាំងរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហាររួមមានការវាយទៅលើប៉ុស្តិ៍សង្កេតការណ៍របស់ក្រុមហេសបូឡា នៅជិតភូមិ Markaba និងជើងទម្របាញ់រ៉ុក្កែតមួយ នៅជិតភូមិ Ayta ash Shab ដែលត្រូវបានប្រើនៅព្រឹកថ្ងៃនោះ ដើម្បីបាញ់មីស៊ីលឆ្ពោះទៅភាគ ខាងជើងអ៊ីស្រាអែល។ លើសពីនេះ កងកាំភ្លើងធំរបស់ IDF បានផ្លោងដាក់ទីតាំងជាច្រើន នៅភាគខាងត្បូងប្រទេសលីបង់។
ឧប្បត្តិហេតុចុងក្រោយបំផុត បង្ហាញពីការបន្តនៃអំពើហិង្សាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុម ហេសបូឡា ជាក្រុមប្រដាប់អាវុធ និងគណបក្សនយោបាយលីបង់ ដែលបានបន្ត ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។