
ឆ្មាំព្រំដែនអ៊ុយក្រែន នៅថ្ងៃចន្ទ (ទី១ ខែកក្កដា) នេះ បានច្រានចោលរបាយការណ៍ដែលបង្ហាញថា ខ្លួនកំពុងពង្រឹងដល់ការដាក់ពង្រាយកងទ័ព នៅតាមព្រំដែនជាមួយប្រទេសបេឡារុស ដោយនិយាយថា ពាក្យចចាមអារ៉ាមនោះ ស្មើនឹងការអនុវត្ត «ប្រតិបត្តិការព័ត៌មាន» របស់ទីក្រុង Minsk ដោយមានការគាំទ្រពីទីក្រុងមូស្គូ។
ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី បេឡារុសដែលបានផ្តល់ការគាំទ្រ សម្រាប់យុទ្ធនាការយោធារបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងគីវ កំពុងពង្រឹងកងកម្លាំងរបស់ខ្លួននៅតាមព្រំដែនរួមជាមួយប្រទេសផ្សេងៗ។ វិមានក្រឹមឡាំង នៅថ្ងៃចន្ទនេះ បានលើកឡើងថា របាយការណ៍នេះ គឺជាបច្ច័យនាំឲ្យមានការព្រួយបារម្ភ។
អ្នកនាំពាក្យឆ្មាំព្រំដែនរបស់អ៊ុយក្រែន លោក Andriy Demchenko បានប្រាប់ទូរទស្សន៍ជាតិអ៊ុយក្រែនថា៖ «វាមិនមែនជាលើកទី១ នោះទេ ដែលបេឡារុសផ្តល់ព័ត៌មានអំពីអ៊ុយក្រែនបង្ហាញពីការគំរាមកំហែង និងការពង្រឹងខ្លួនឯង។ នេះគឺជាផ្នែកមួយផ្សេងទៀតនៃប្រតិបត្តិការព័ត៌មាន ដែលត្រូវបានអនុវត្តដោយបេឡារុស ដោយមានការជួយគាំទ្រពីរុស្ស៊ី»។
លោកបានបន្ថែមថា តំបន់ព្រំដែនជាមួយបេឡារុស នៅតែ «មានការគំរាមកំហែង» ដដែល ហើយប្រទេសអ៊ុយក្រែនបន្តរក្សាចំនួនកងកម្លាំងចាំបាច់មួយចំនួន នៅទីនោះ ដើម្បីទប់ស្កាត់ការបង្កហេតុណាមួយ៕