ប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េខាងត្បូង បានដកស្រង់សម្តីនគរបាល និងមន្ត្រីពន្លត់អគ្គីភ័យ បាននិយាយថា រថយន្តមួយគ្រឿង បានបើកបំបុកអ្នកថ្មើរជើង នៅជិតសាលាក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា បណ្តាលឲ្យមនុស្ស៩នាក់ស្លាប់ និងរងរបួសយ៉ាងហោចណាស់៤នាក់ផ្សេងទៀត។ មនុស្ស៦នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈ៣នាក់ផ្សេងទៀត ត្រូវបានគេប្រកាសថាស្លាប់ បន្ទាប់ពីត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅដល់មន្ទីរពេទ្យ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងតង្បូង បាននិយាយថា អ្នកបើកបរអាយុ ៦៨ ឆ្នាំ បានបើករថយន្តបុកចូលហ្វូងមនុស្ស ដែលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍។ លោក បានបើកបរក្នុងទិសដៅខុស ហើយបានបុករថយន្តពីរគ្រឿងផ្សេងទៀត មុនពេលបុកអ្នកថ្មើរជើង។

លោក Kim Suk-hwan នាយកផ្នែកសុវត្ថិភាព និងដឹកជញ្ជូន នៅការិយាល័យស្រុក Jung-gu បាននិយាយថា បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ជុំវិញឧបទ្ទវហេតុនេះ ។ លោក Kim បាននិយាយថាការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ដើម្បីកំណត់ថាតើករណីនេះ មានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន និងគ្រឿងស្រវឹងដែរឬទេ ឬថាតើជាឧបទ្ទវហេតុបណ្តាលមកពីបើកបរជ្រុលល្បឿនដោយអចេតនា។
អាជ្ញាធរទីក្រុង បាននិយាយថា អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានចាត់ទុកថាជា គ្រោះថ្នាក់ដ៏ក្រៀមក្រំ ខណៈលោកបានទៅពិនិត្យដល់កន្លែងកើតហេតុ។
លោកបានបញ្ជាឱ្យមន្ត្រី នាំជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿន និងកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់អំពីមូលហេតុនៃគ្រោះថ្នាក់។