ក្រុមអ្នកវិទ្យាសាស្ត្រ ដែលតាមដានការរីករាលដាលនៃជំងឺផ្តាសាយបក្សី មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ចន្លោះប្រហោងក្នុងការឃ្លាំមើលនៃវីរុសប្រភេទនេះ អាចធ្វើឱ្យពួកគេតាមមិនទាន់ការរីករាលដាលនៃជំងឺរាតត្បាតថ្មី នេះបើយោងតាមបទសម្ភាសន៍របស់សារព័ត៌មានរ៉យទ័រ ជាមួយអ្នកជំនាញខាងជំងឺឈានមុខគេជាងដប់នាក់។

អ្នកវិទ្យាសាស្ត្រជាច្រើនបាននិងកំពុងតាមដានប្រភេទរងថ្មីនៃជំងឺផ្តាសាយបក្សី H5N1 នៅក្នុងបក្សីចំណាកស្រុកតាំងពីឆ្នាំ២០២០ មក។ ប៉ុន្តែការរីករាលដាលនៃមេរោគនេះទៅកាន់ហ្វូងសត្វគោចិញ្ចឹមយកទឹកដោះចំនួន ១២៩ ក្បាលនៅក្នុងរដ្ឋចំនួន ១២ របស់សហរដ្ឋអាមេរិក បង្ហាញពីការផ្លាស់ប្តូរដែលអាចនាំឱ្យវាកាន់តែខិតទៅជិតការឆ្លងដល់មនុស្ស។ ការឆ្លងនៃមេរោគនេះក៏ត្រូវបានគេរកឃើញនៅក្នុងថនិកសត្វដទៃទៀតផងដែរ រាប់ចាប់ពីសត្វចៀមអាមេរិកខាងត្បូង (Alpaca) រហូតដល់ឆ្មាចិញ្ចឹមក្នុងផ្ទះ។

លោក ស្កុត ហិនស្លី (Scott Hensley) សាស្ត្រាចារ្យផ្នែកមីក្រូជីវវិទ្យានៅសាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ (Pennsylvania) បាននិយាយថា «វាស្ទើរតែហាក់ដូចជាជំងឺរាតត្បាតកំពុងរីករាលដាលនៅក្នុងចលនាយឺតៗ។ ឥឡូវនេះ ការគំរាមកំហែងនៅមានកម្រិតទាបណាស់ ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរបានក្នុងមួយប៉ព្រិចភ្នែក»។

ការព្រមានអំពីការចម្លងដល់មនុស្សមុនពេលកើតឡើងពិតប្រាកដនេះ អាចឱ្យមន្ត្រីសុខាភិបាលទូទាំងពិភពលោកកាន់តែឆាប់ចាត់វិធានការការពារមនុស្សតាមរយៈការចាប់ផ្តើមអភិវឌ្ឍវ៉ាក់សាំង ការធ្វើតេស្តទូលំទូលាយ និងវិធានការទប់ស្កាត់៕