មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និយាយថា អង្គការសហប្រជាជាតិ បានប្តេជ្ញាបន្តការចូលរួមរបស់ខ្លួន ជាមួយប្រទេសអាហ្វហ្គានីស្ថាន គ្រប់គ្រងដោយក្រុមតាលីបង់ ដើម្បីដោះស្រាយការរឹតត្បិតលើស្ត្រី និងក្មេងស្រី រួមជាមួយបញ្ហាផ្សេងៗទៀតដែលជាក្តីបារម្ភរបស់អន្តរជាតិ។

អគ្គលេខាធិការរងអង្គគារសហប្រជាជាតិ លោកស្រី Rosemary DiCarlo បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ បន្ទាប់ពីសន្និសីទរយៈពេលពីរថ្ងៃស្តីពីប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា។
ក្រុមតាលីបង់ បានបញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទដឹកនាំដោយអង្គការសហប្រជាជាតិ ជាលើកដំបូង។ បេសកជន មកពីសហរដ្ឋអាមេរិក អឺរ៉ុប ចិន និងប្រទេសជប៉ុន ក៏បានមកចូលរួមផងដែរ។លោកស្រី DiCarlo បានស្វាគមន៍ ការចាប់ផ្តើមកិច្ចពិភាក្សាលម្អិតរវាងក្រុមតាលីបង់ និងសហគមន៍អន្តរជាតិ ហើយបានចាត់ទុកការពិភាក្សាថា ស្មោះត្រង់ និងមានប្រយោជន៍។

ក្រុមតាលីបង់ បានរឹតត្បិតយ៉ាងតឹងរ៉ឹងលើសិទ្ធិស្ត្រី ចាប់តាំងពីក្រុមនេះ បានត្រលប់មកកាន់អំណាចវិញនៅឆ្នាំ២០២១។ ក្មេងស្រី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរារាំង មិនឱ្យចូលរៀនដល់ថ្នាក់អនុវិទ្យាល័យនោះទេ។ លោកស្រី DiCarlo បាននិយាយថា ដោយដំណើរការឆ្លងកាត់កិច្ចពិភាក្សាទាំងអស់ វាជាការព្រួយបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ ពីបេសកជនពិសេស និងពីលោកស្រីផ្ទាល់ ចំពោះការរឹតត្បិតដែលនៅតែបន្ត និងធ្ងន់ធ្ងរ លើស្ត្រី និងក្មេងស្រី។
លោកស្រី និយាយថា អង្គការសហប្រជាជាតិ បានប្តេជ្ញាបន្តការចូលរួមរបស់ខ្លួនជាមួយប្រទេសអាហ្វហ្គានីស្ថាន ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងបញ្ហាផ្សេងៗទៀត។ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូឡា មូចាហ៊ីត(Zabihullah Mujahid) ដែលបានចូលរួមក្នុងសន្និសីទ បានបង្ហាញពីជំហរវិជ្ជមាន ក្នុងការចូលរួមកិច្ចចរចានៅជុំបន្ទាប់ទៀត។
ប៉ុន្តែលោក បាននិយាយបន្ថែមថា ក្រុមតាលីបង់ នឹងពិនិត្យមើលកិច្ចប្រជុំនីមួយៗដាច់ដោយឡែក ដោ យផ្អែកលើរបៀបវារៈ និងគោលដៅរបស់កិច្ចប្រជុំ។ ការផ្តោតសំខាន់ គឺទៅលើរបៀបដែលសហគមន៍អន្តរជាតិ អាចជំរុញដល់ក្រុមតាលីបង់ ឱ្យបន្តចូលរួមក្នុងកិច្ចសន្ទនា។