អង្គការមនុស្សធម៌របស់UN បាននិយាយកាលពីថ្ងៃចន្ទថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន កំពុងផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជនដែលទើបផ្លាស់ទីលំនៅថ្មីពីទីតាំងនានា នៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ប៉ុន្តែគ្មានទីជម្រកនោះទេ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ខ្លួនអាចទៅដល់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលបានផ្លាស់ទីលំនៅកាលពីសប្តាហ៍មុន ពីតំបន់នានានៃទីក្រុងហ្កាហ្សា នៅភាគខាងជើង និងពីទីប្រជុំជន Al Mawasi ក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង។
OCHA បាននិយាយថា៖«ជាអកុសល មានសម្ភារៈជម្រកតិចតួច ឬគ្មានការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត ដែលអាចរកបាន ដើម្បីគាំទ្រអ្នកដែលត្រូវបានផ្លាស់ទីលំនៅថ្មី»។ អង្គការនេះ ស្ទើរតែមិនអាចប្រមូលជំនួយមនុស្សធម៌ពីច្រក Kerem Shalom ដើម្បីយកទៅចែកចាយ នៅខាងក្នុងតំបន់ហ្កាហ្សា»។
OCHA បានបញ្ជាក់ថា បញ្ហានេះ គឺបណ្តាលមកពីកង្វះសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ភពអារិភាពដែលកំពុងកើតមាន ផ្លូវខូច កង្វះប្រេងឥន្ធនៈ និងការរឹតបន្តឹងផ្លូវចូល។

ក្រុមមនុស្សធម៌ បាននិយាយថា ក្នុងអំឡុងខែមិថុនា អាជ្ញាធរអ៊ីស្រាអែល បានអនុញ្ញាតតិចជាងពាក់កណ្តាលនៃបេសកកម្មជំនួយមនុស្សធម៌ ដែលបានគ្រោងទុកចំនួន ១១៥ ទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ដោយច្រើនជាងមួយភាគបី ត្រូវបានរារាំង ជិត១០ភាគរយ ត្រូវបានបដិសេធមិនឲ្យចូល ហើយប្រហែល ៩ភាគរយ ត្រូវបានលុបចោល ដោយសារតែហេតុផលដឹកជញ្ជូន ប្រតិបត្តិការ ឬសុវត្ថិភាព។