មន្ត្រីសហជីពម្នាក់ នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) បានប្រាប់ឲ្យដឹងថា សហជីពកម្មករ នៅក្រុមហ៊ុន Samsung Electronics ក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកាសពីការធ្វើកូដកម្ម ចាប់ពីថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី១០ ខែកក្កដា ខណៈដែលសហជីពបង្កើនសកម្មភាពតវ៉ារបស់បុគ្គលិក ប្រឆាំងនឹងក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ប្រទេសនេះ។

មន្ត្រីរូបនោះបានប្រាប់សារព័ត៌មាន Reuters តាមរយៈទូរស័ព្ទថា សហជីពកំពុងផ្ទៀងផ្ទាត់ថា តើកម្មករប៉ុន្មាននាក់ នឹងចូលរួមក្នុងកូដកម្មនេះ។ ហើយប្រធានសហជីព លោក Son Woo-mok បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (ទី១ ខែកក្កដា) ថា សហជីពចង់បានប្រព័ន្ធតម្លាភាពបន្ថែមទៀត ដើម្បីឲ្យមានប្រាក់រង្វាន់ និងពេលសម្រាក ហើយចង់ឲ្យក្រុមហ៊ុនប្រព្រឹត្តចំពោះខ្លួន ក្នុងនាមជាដៃគូស្មើភាពមួយ។

ក្រុមហ៊ុន Samsung បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះឡើយ ពាក់ព័ន្ធនឹងគម្រោងកូដកម្មរបស់សហជីពនេះ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមិនមានការប៉ះទង្គិចនោះទេ ដោយឡើង ០,១ភាគរយ នៅក្នុងការជួញដូរនាពេលព្រឹកអង្គារនេះ ធៀបនឹងការធ្លាក់ចុះ ០,៧ភាគរយ នៅក្នុងសន្ទស្សន៍តម្លៃគោល។
ជាមួយគ្នានេះ អ្នកវិភាគ ២រូប បានប្រាប់សារព័ត៌មាន Reuters ថា ការធ្វើកូដកម្មដោយខ្លួនឯងនេះ ទំនងជាមិនមានផលប៉ះពាល់ខ្លាំងដល់ទិន្នផលបន្ទះឈីបនោះទេ ដោយសារតែការផលិតភាគច្រើន នៅឯក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោកមួយនេះ គឺដំណើរការដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា កាលពីខែមុន កម្មករបានឈប់សម្រាកប្រចាំឆ្នាំនៅក្នុងថ្ងៃតែមួយ ដែលជាសកម្មភាពតវ៉ារបស់បុគ្គលិកដំបូងរបស់សហជីពប្រកបដោយប្រសិទ្ធភាព។ នៅពេលនោះក្រុមហ៊ុន Samsung បាននិយាយថា មិនមានផលប៉ះពាល់ដល់ផលិតកម្ម ឬដំណើរការអាជីវកម្មនោះទេ។ ក្រុមអ្នកវិភាគបាននិយាយថា ការធ្វើកូដកម្មទាំងនោះភាគច្រើន ធ្វើឡើងដោយបុគ្គលិគនៅឯការិយាល័យខាងក្នុងទីក្រុង មិនមែនបុគ្គលិកនៅកន្លែងផលិតនោះទេ៕