
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើងនៅលើកោះ Kos នៅថ្ងៃទី ២នៃភ្លើងឆេះព្រៃនាថ្ងៃអង្គារនេះ ស្របពេលដែលភ្ញៀវទេសចររាប់រយនាក់ ដែលត្រូវបានគេជម្លៀសកាលពីយប់កន្លងទៅ បានវិលត្រឡប់ទៅកាន់សណ្ឋាគារ និងផ្ទះរបស់ពួកគេវិញ ។
ស្របពេលដែលភ្លើងឆេះព្រៃ បានរីករាលដាលដល់ភូមិមាត់សមុទ្រ Kardamaina មនុស្សនាំគ្នាបោះទីជម្រកនៅតាមកន្លែងលេងកីឡា និងទីតាំងផ្សេងទៀត ។
កងពន្លត់អគ្គិភ័យ និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ១០០នាក់ និងឧទ្ធម្ភាគចក្រ ១គ្រឿង បានព្យាយាមពន្លត់អណ្តាតភ្លើង ដើម្បីបញ្ឈប់ភ្លើងឆេះព្រៃពីការឆាបឆេះម្តងទៀត ។
គួរឲ្យដឹងថា ភ្លើងឆេះព្រៃរាប់សិបកន្លែង បានកើតមាននៅទូទាំងប្រទេសក្រិក រួមទាំងភ្លើងឆេះព្រៃ ២កន្លែង នៅជិតរដ្ឋធានីអាតែន ផងដែរ កាលពីចុងសប្តាហ៍កន្លងទៅ ។
នាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis បានព្រមានកាលពីថ្ងៃចន្ទពីភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់អំឡុងរដូវក្តៅ បន្ទាប់ពីគ្រោះរាំងស្ងួតរយៈពេលយូរ ៕