
អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានដោះលែងប្រធានមន្ទីរពេទ្យដ៏ធំបំផុតនៅតំបន់ហ្កាហ្សា ដែលបាននិយាយថាគាត់ត្រូវបានគេធ្វើទារុណកម្ម ក្នុងអំឡុងពេល ៧ខែ នៅក្នុងការឃុំឃាំង ប៉ុន្តែ ភ្លាមៗនោះ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានរិះគន់ការដោះលែងនេះថា ជា «កំហុសដ៏ធ្ងន់ធ្ងរ»។
ភាពតានតឹងជុំវិញការដោះលែងប្រធានមន្ទីរពេទ្យ Al-Shifa លោក Mohammed Abu Salmiya បានក្លាយជាបញ្ហាសាធារណៈភ្លាមៗ នៅពេលដែលគាត់ ត្រូវបានបញ្ជូនត្រឡប់ទៅតំបន់ហ្កាហ្សា ជាមួយនឹងប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ផ្សេងទៀតដែលត្រូវបានគេចាប់ខ្លួន ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ដែលបង្កឲ្យមានសង្រ្គាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។
អង្គការសុខភាពពិភពលោក បានសម្តែងការព្រួយបារម្ភបន្ទាប់ពី Abu Salmiya ត្រូវបានឃុំខ្លួន កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាជាមួយបុគ្គលិកមន្ទីរពេទ្យផ្សេងទៀត។
យោធាអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បានប្រើប្រាស់មន្ទីរពេទ្យ រួមទាំង Al-Shifa ធ្វើជាមូលដ្ឋានសម្រាប់ប្រតិបត្តិការយោធា ដែលក្រុមសកម្មប្រយុទ្ធ បានបដិសេធ។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោកបានបញ្ជាឲ្យទីភ្នាក់ងារចារកម្ម Shin Bet ធ្វើការស៊ើបអង្កេតលើការដោះលែងនេះ ហើយផ្តល់លទ្ធផលដល់លោក នៅថ្ងៃអង្គារនេះ។