អាហ្វហ្គានីស្ថាន៖ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ចេញវីដេអូ បង្ហាញពីកងកម្លាំងអង់គ្លេស និងអាមេរិកកំពុងធ្វើការរួមគ្នា ដើម្បីរក្សាសន្តិសុខនៅអាកាសយានដ្ឋានកាប៊ុល និងជួយឱ្យការជម្លៀសចេញបន្តដោយសុវត្ថិភាព។ កងទ័ពត្រូវបានគេមើលឃើញកំពុងដើរល្បាត នៅជុំវិញបរិវេណអាកាសយានដ្ឋានកាលពីថ្ងៃអាទិត្យ ខណៈហ្វូងមនុស្សអាហ្វហ្គានីស្ថានបានរង់ចាំកកកុញ នៅខាងក្រៅរបងព្រលានយន្តហោះ។

កងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេស បានជួយក្នុងការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន ដែលមានសិទ្ធិផ្លាស់ប្ដូរទីលំនៅទៅចក្រភពអង់គ្លេស ក្រោមគោលនយោបាយការផ្លាស់ប្តូរទីលំនៅ និងជំនួយអាហ្វហ្គានីស្ថាន នេះបើយោងតាមក្រសួងការពារជាតិចក្រភពអង់គ្លេស។ ក្រសួងខាងលើក៏បានបញ្ចេញរូបភាពជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលហត់នឿយនៅពេញណែនខាងក្នុងយន្តហោះ C-17 របស់កងទ័ពអាកាស Royal Air Force C-17 ផងដែរ។ ទូរទស្សន៍ Sky News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ពួកតាលីបង់កំពុងសហការជាមួយកងកម្លាំងទាហានឆ័ត្រយោងអង់គ្លេស ខណៈដែលពួកគេត្រួតពិនិត្យមើលអ្នកជម្លៀស ដែលមានសិទ្ធិនៅអាកាសយានដ្ឋានកាប៊ុល។

វីដេអូបង្ហាញពីយុទ្ធជនតាលីបង់ឈរនៅពីលើទូកុងតឺន័រ ដែលកម្លាំងអង់គ្លេសប្រើជារបាំងនៅតំបន់ត្រួតពិនិត្យបណ្ដោះអាសន្ន នៅខាងក្រៅព្រលានយន្តហោះ។ ទោះបីពួកតាលីបង់បានសន្យាថា នឹងលើកលែងទោសដល់អ្នកដែលបានធ្វើការឲ្យអាមេរិក ឬសម្ព័ន្ធណាតូយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានរបាយការណ៍នៅពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ពួកតាលីបង់កំពុងតាមប្រមាញ់រកអតីតសត្រូវរបស់ពួកគេ។ ថ្លែងទៅកាន់ទូរទស្សន៍ Sky News បុរសម្នាក់បាននិយាយថា ពួកសកម្មប្រយុទ្ធកំពុងវាយដំមនុស្សដោយកាំភ្លើង និងរបស់ស្អីក៏មាន៕
អត្ថបទ៖ សុខមាន