ភ្នំពេញ ÷ អតីតសមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងប្រចាំទ្វីបអឺរ៉ុប អះអាងថា ការដឹកនាំបែបប្រជាភិថុតរបស់មេបក្សប្រឆាំង ជាទណ្ឌិតក្បត់ជាតិបីជំនាន់នៅក្រៅស្រុក នឹងធ្វើឱ្យចរន្តនៃសមាជិករបស់ខ្លួនបន្តចាកចេញទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្លែងប្រាប់ BTV ក្នុងកិច្ចសម្ភាសន៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក ខៃ រដ្ឋា អនុប្រធានចលនាយុវជនប្រចាំទ្វីបអាមេរិកខាងជើងរបស់អតីតគណបក្សសង្គ្រោះជាតិ និងក្រោយមកជាអគ្គលេខាធិការគណបក្សភ្លើងទៀនប្រចាំទ្វីបអាមេរិកខាងជើង បានបញ្ជាក់ថា ការសម្រេចចិត្តផ្តាច់ខ្លួនពីគណបក្សប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយសារមេដឹកនាំ ទណ្ឌិតក្បត់ជាតិ៣ជំនាន់មានចរិកបំពេញតែមហិច្ឆតាផលប្រយោជន៍របស់ខ្លួន ហើយចំណុចសំខាន់នៃការដឹកនាំជិតរយៈពេល៣០ឆ្នាំមានរបៀបប្រជាភិថុតតែប៉ុណ្ណោះ ដែលនេះជាកត្តាធ្វើឱ្យចរន្តនៃសមាជិកផ្សេងទៀតបន្តចាកចេញកាន់តែច្រើន។
ជាមួយគ្នា អតីតសមាជិកគណបក្សប្រឆាំងរូបនេះ អះអាងថា កត្តាធំបំផុតដែលនាំឱ្យរូបលោកសម្រេចចិត្តផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង គឺការប្រមាថ និងមិនឱ្យតម្លៃលើការពិត ជាក់ស្តែងដូចករណីសញ្ញាបត្រយោធារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនេះឆ្លុះបញ្ចាំងថាទណ្ឌិត សម រង្ស៉ី មិនផ្តល់តម្លៃដល់យុវជន និងបញ្ញវន្តដ៏ទៃទៀតនោះទេ។
សូមជម្រាបថា គិតមកទល់ពេលនេះ ថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសមិនតិចទេ បានបន្តនាំគ្នាចាកចេញពីគណបក្សប្រឆាំង ដោយសារមេដឹកនាំជាទណ្ឌិតក្បត់ជាតិ និងបានភូតកុហកជាបន្តបន្ទាប់ ដែលធ្វើឱ្យថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់ខ្លួនអស់ជំនឿចិត្ត និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្របម្រើជាតិ និងប្រជាជនពិតប្រាកដ៕
អត្ថបទ សេក ឧត្តម ថត ឡាយ សុភ័ណ រូបភាព បក្សប្រឆាំង ២ ៧ ២៤

