នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអង្គារ (០២ កក្កដា) ឱ្យពិចារណាលើបទឈប់បាញ់ ដើម្បីពន្លឿនការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែទីក្រុងគីវ បាននិយាយថា ខ្លួនមើលឃើញវិធីសាស្រ្តផ្ទាល់ខ្លួនជាផ្លូវទៅកាន់សន្តិភាព។

លោក អ័របាន ដែលជាអ្នករិះគន់ឥតសំចៃមាត់ចំពោះជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន និងមានទំនាក់ទំនងដ៏កក់ក្តៅបំផុតជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបពិភាក្សាជាមួយលោក ហ៊្សេឡិនស្គី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ទីក្រុងគីវ ក្នុងរយៈពេលជាងមួយទសវត្សរ៍។

នៅក្នុងសេចក្តីថ្លែងការណ៍រួមទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានោះ លោក អ័របាន បាននិយាយថា លោកបានស្នើឱ្យលោក ហ៊្សេឡិនស្គី គិតពិចារណាអំពីបទឈប់បាញ់មួយ មុនពេលកិច្ចប្រជុំកំពូលអន្តរជាតិបន្ទាប់ ដែលទីក្រុងគីវសង្ឃឹមថានឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។

លោក ហ៊្សេឡិនស្គី ដែលបានថ្លែងមុនលោក អ័របាន មិនបានឆ្លើយតបនឹងការលើកឡើងនោះទេ។ ប៉ុន្តែទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក គឺលោក អ៊ីហ្គោ ហ៊្សូវខ្វា (Igor Zhovkva) ក្រោយមកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា នោះមិនមែនជាសំណើលើកដំបូងឡើយ ហើយថាលោក ហ៊្សេឡិនស្គី បានឆ្លើយតបទៅកាន់លោក អ័របាន ជាមួយនឹងជំហរដែលគេដឹងលឺជាសាធារណៈរបស់លោករួចមកហើយ។
បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃមេដឹកនាំពិភពលោករាប់រយនាក់នៅឯកិច្ចប្រជុំកំពូលសន្តិភាពនៅស្វីស កាលពីខែមុន ទីក្រុងគីវ បាននិយាយថា ខ្លួនសង្ឃឹមថានឹងរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិលើកទីពីរនៅចុងឆ្នាំនេះ ដែលអាចអញ្ជើញតំណាងរុស្ស៊ី ឱ្យចូលរួម៕