ក្រុមអ្នកជំនាញបាននិយាយកាលពីថ្ងៃអង្គារ (០២ កក្កដា) ថា អាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប គួរតែត្រៀមខ្លួនសម្រាប់ការមកដល់នៃគំរូអាកាសធាតុ ឡានីញ៉ា (La Nina) ដែលជាគំរូអាកាសធាតុដែលត្រូវបានគេមើលឃើញថាបានជំរុញឱ្យមានរដូវព្យុះសង្ឃរាសកម្មខ្លាំងនៅក្នុងមហាសមុទ្រអាត្លង់ទិក និងការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងនៅទូទាំងតំបន់។

អង្គការឧតុនិយមពិភពលោកបានរៀបចំសិក្ខាសាលាស្តីពីការគំរាមកំហែងរបស់បាតុភូតអាកាសធាតុ ឡានីញ៉ា ខណៈព្យុះសង្ឃរា ប៊ឺរីល (Beryl) ដែលជាព្យុះទីមួយនៃរដូវកាលអាត្លង់ទិកឆ្នាំ២០២៤ និងជាព្យុះដំបូងបំផុតក្នុងកំណត់ត្រាដែលឈានដល់កម្រិតអតិបរមាប្រភេទទី ៥ របស់តារាងម្រិតព្យុះ សាហ្វឺ ស៊ីមសុន (Saffir-Simpson Scale) កំពុងវាយលុកពាសពេញតំបន់សមុទ្រការ៉ាអ៊ីបភាគខាងកើត។

គំរូអាកាសធាតុ ឡានីញ៉ា ដែលចាប់ផ្តើមដោយសីតុណ្ហភាពមហាសមុទ្រត្រជាក់ជាងធម្មតានៅតំបន់ប៉ាស៊ីហ្វិកកណ្តាល និងខាងកើតអេក្វាទ័រ ត្រូវបានផ្សារភ្ជាប់ទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក៏ដូចជាការកើនឡើងនូវភាពញឹកញាប់នៃខ្យល់ព្យុះនៅតំបន់ការ៉ាអ៊ីប។

អ្នកជំនាញកាលពីថ្ងៃអង្គារ បាននិយាយថា ឡានីញ៉ា អាចបង្កឱ្យមានគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រម្តងទៀតនៅអាមេរិកខាងត្បូង ស្រដៀងនឹងអ្វីដែលបានកត់ត្រានៅចន្លោះឆ្នាំ២០២០ និង២០២៣។ នៅអាមេរិកឡាទីន ទាំងបាតុភូត ឡានីញ៉ា និង អ៊ែលនីញ៉ូ (El Nino) ដែលពាក់ព័ន្ធនឹងការឡើងកម្ដៅនៃផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកត្រូពិច ហើយអាចជះឥទ្ធិពលលើបណ្ដាញខ្យល់បក់ពីលើមហាសមុទ្រប៉ាស៊ីហ្វិក បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចក្នុងតំបន់ ដោយធ្វើឱ្យប៉ះពាល់ដល់ដំណាំជាច្រើនប្រភេទដូចជាស្រូវសាលី ស្រូវ និងពោតជាដើម៕