
ក្រុមហ៊ុនចិន និងរុស្ស៊ីកំពុងផលិត និងអភិវឌ្ឍយានដ្រូនវាយប្រហារស្រដៀងនឹងប្រភេទយានដ្រូនរបស់អ៊ីរ៉ង់ដែលដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន ដោយនេះជាសញ្ញាបង្ហាញថា ទីក្រុងប៉េកាំងអាចខិតកាន់ជិតនឹងការផ្តល់ជំនួយដ៏គ្រោះថ្នាក់ប្រភេទនេះ ដែលមន្ត្រីលោកខាងលិចបានព្រមានកុំឲ្យធ្វើបែបហ្នឹង។ នេះបើតាមការឲ្យដឹងពីក្រុមមន្ត្រីដែលដឹងបញ្ហានេះ។
ក្រុមមន្ត្រីដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដែលពិភាក្សាអំពីព័ត៌មានឯកជន បាននិយាយថា ក្រុមហ៊ុនបានពិភាក្សាគ្នានៅឆ្នាំ២០២៣ អំពីកិច្ចសហប្រតិបត្តិការក្នុងការចម្លងយានដ្រូន Shahed របស់អ៊ីរ៉ង់ ហើយបានចាប់ផ្តើមអភិវឌ្ឍ និងសាកល្បងកំណែថ្មីនៅឆ្នាំ២០២៤ ដើម្បីរៀបចំសម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ី។ តែពួកគេបានប្រាប់ថា យានដ្រូនមិនទាន់ត្រូវបានប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែននៅឡើយទេ។
ការផ្តល់ឲ្យរុស្ស៊ីនូវយានដ្រូនវាយប្រហារដូចយានដ្រូន Shahed នេះ នឹងបង្ហាញពីការពង្រឹងនូវការគាំទ្ររបស់ទីក្រុងប៉េកាំងដល់ទីក្រុងម៉ូស្គូ បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏ដោយ។
ប្រធានាធិបតីចិន លោក Xi Jinping បានព្យាយាមបង្ហាញថា ប្រទេសចិនមានភាពអព្យាក្រឹតក្នុងជម្លោះនៅប្រទេសអ៊ុយក្រែន ទោះបីជាមន្ត្រីលោកខាងលិចបាននិយាយថា ខ្លួនបានផ្តល់សមាសធាតុ និងការគាំទ្រផ្សេងទៀត សម្រាប់កងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ដោយ។
មន្ត្រី ២រូប បាននិយាយថា ប្រទេសមួយចំនួនជឿថា ការផ្តល់ឲ្យរុស្ស៊ីនូវយានដ្រូន សម្រាប់គោលបំណងវាយប្រហារ នឹងមិនអាចទទួលយកបាននោះឡើយ សម្រាប់ជំនួយដ៍គ្រោះថ្នាក់បែបនេះ៕