ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ត្រូវបានផ្តល់ប្រជាការពារខណ្ឌ និងសង្កាត់ ចំនួន ៣៥៦នាក់ ទូទាំងខណ្ឌច្បារអំពៅ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈមូលដ្ឋានខណ្ឌច្បារអំពៅ បាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ។
ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងប្រជាការពារ មកពីតាមបណ្តាសង្កាត់ និងខណ្ឌ ។
តាងនាមឲ្យប្រជាការពារ លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌ និងសង្កាត់ទាំង ៣៥៦នាក់ ស្មើ ៣៥៦កញ្ចប់ ដែលក្នុង១កញ្ចប់ មានថវិកាចំនួន២ម៉ឺនរៀល ។
ក្នុងនោះ លោក ចេង មុនីរ៉ា សូមថ្លែងការកោតសរសើរចំពោះកម្លាំងប្រជាការពារ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃឈប់ ឬសម្រាកឡើយ៕
អត្ថបទ៖ កុម្ភះ


