
រលកកម្តៅដ៏ក្តៅខ្លាំង បានវាយប្រហារតំបន់ជាច្រើននៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងក្នុងរដូវក្តៅនេះ ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ជាង ៤០អង្សាសេ តាមបណ្តាប្រទេសមួយចំនួន នៅទូទាំងតំបន់ ។
លោក Hamdi Hached គឺជាអ្នកជំនាញអាកាសធាតុ និងជាវិស្វករបរិស្ថានទុយនីស៊ី និយាយថា ពួកយើងរំពឹងថា ឆ្នាំ ២០២៤នេះ គឺជាឆ្នាំដែលក្តៅជាងគេបំផុតនៅលើកំណត់ត្រា ពោលគឺវានឹងក្តៅជាងសីតុណ្ហភាពក្តៅខ្លាំងបំផុតកាលពីឆ្នាំមុនទៅទៀត ។
លោក Hached បានព្រមានថា តំបន់អារ៉ាប់ស្ទើតែទាំងមូល បានរងគ្រោះដោយសារកង្វះខាតទឹកប្រើប្រាស់ ហើយសីតុណ្ហភាពខ្ពស់ នឹងដាក់សំពាធបន្ថែមទៀតលើធនធានទឹក ។
លោកបន្តថា កាលពីថ្ងៃទី ១៧ ខែមិថុនា ប្រទេសទុយនីស៊ី រកឃើញការរំហួតទឹក ០,៦លានម៉ែត្រគូបពីទំនប់ទឹក ក្នុងរយៈពេល ១ថ្ងៃ ហើយតួលេខនៅប្រទេសម៉ារ៉ុក មានចំនួនប្រហាក់ប្រហែលគ្នាផងដែរ ។
ស្របពេលជួបប្រទះរលកកម្តៅឥតស្រាកស្រាន្ត ប្រជាពលរដ្ឋនាំគ្នាស្វែងរកភាពធូរស្រាយរបស់ពួកគេ ដោយទទួលភេសជ្ជៈត្រជាក់ៗ និងធ្វើដំណើរទៅកាន់កន្លែងទឹកបាញ់ អាងហែលទឹក និងតំបន់ឆ្នេរ ហើយនិងស្រោចទឹកលើខ្លួន ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ការស្រោចទឹកលើខ្លួនមានប្រសិទ្ធិនៅពេលដែលសីតុណ្ហភាពស្ថិតនៅក្រោម ៣៥អង្សាសេ តែប៉ុណ្ណោះ ។
លោក Waleed Abu Sala គឺជាពលរដ្ឋមួយរូបរបស់លីប៊ី បានបង្ហាញក្តីកង្វល់របស់លោកចំពោះសីតុណ្ហភាពហក់ឡើងខ្ពស់ ។
លោកថា ពេលសីតុណ្ហភាពឡើងដល់ ៤៧អង្សាសេ នៅទីក្រុងតំបន់ឆ្នេរ វាមានន័យថា ស្ថានភាពអាកាសធាតុពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ៕