
ក្រសួងការពារជាតិរុស្ស៊ី និយាយនៅថ្ងៃពុធនេះថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនអាកាស ១០គ្រឿងដែលអ៊ុយក្រែនបាញ់មកលើដែនដីរុស្ស៊ី ក៏ដូចជាបានបាញ់កម្ទេចយានដ្រូនសមុទ្រ ២គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែសមុទ្រខ្មៅ Novorossiysk ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax រាយការណ៍ដោយលើកឡើងពីប្រភពរដ្ឋបាលក្នុងស្រុកថា ការធ្វើនាវាចរន៍នៅកំពង់ផែ ពុំបានប៉ះពាល់នោះទេ ក្រោយការវាយប្រហារដោយយានដ្រូនសមុទ្ររបស់អ៊ុយក្រែន ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ រុស្ស៊ី និយាយថា ខ្លួនបានបំផ្លាញយន្តហោះចម្បាំង SU-27 ចំនួន ៥គ្រឿងរបស់អ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីល Iskander-M ហើយនិងបានធ្វើឲ្យខូចខាតយន្តហោះចម្បាំង ២គ្រឿងទៀត នៅឯអាកាសយានដ្ឋាន Myrhorod ស្ថិតនៅតំបន់ភាគកណ្តាល Poltava របស់អ៊ុយក្រែន ។
អ៊ុយក្រែន និយាយថា មាននូវការវាយប្រហារពិតមែនលើអាកាសយានដ្ឋានរបស់ខ្លួន ប៉ុន្តែរុស្ស៊ី និយាយបំផ្លើសការខូចខាត ។ អ៊ុយក្រែន ពុំបានបញ្ជាក់លម្អិតឲ្យបានច្បាស់នោះទេថាតើអ្វីខ្លះ រងការខូចខាត ឬរងការបំផ្លិចបំផ្លាញ ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបនៃការវាយប្រហារ ឃើញផ្សែង និងអណ្តាតភ្លើង ហុយចេញពីអាកាសយានដ្ឋាន ប៉ុន្តែពួកគេ ពុំបាននិយាយពីពេលវេលាដែលការវាយប្រហារនេះធ្វើឡើងនោះទេ ។
ក្រសួងបន្តថា ជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ី យន្តហោះចម្បាំង SU-27 ចំនួន ៥គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញ និងយន្តហោះចម្បាំង ២គ្រឿងទៀត រងការខូចខាត ៕

