អ្នកគោរពបូជាសាសនារាប់ពាន់នាក់ បានសម្រុកចូលទៅឲ្យបានជិតគ្រូផ្តល់ឱវាទសាសនាហិណ្ឌូម្នាក់ ដែលបានរុញច្រានគ្នា និងរុញគ្នានៅលើដីរអិល នៅមុនពេលជាន់គ្នានៅកន្លែងមានមនុស្សចង្អៀត ក្នុងប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្ស១២១នាក់ស្លាប់ ហើយនគរបាល បានតាមចាប់ខ្លួនអ្នករៀបចំកម្មវិធី។

ការរត់ជាន់គ្នា បានកើតឡើងកាលពីថ្ងៃអង្គារ នៅក្នុងស្រុក Hathras ក្នុងរដ្ឋ ឧតារៈប្រទេស(Uttar Pradesh) ភាគខាងជើងដែលមានប្រជាជនរស់នៅច្រើន ជាកន្លែងដែលគ្រូផ្តល់ឱវាទ លោក ស៊ូរាច ប៉ាល ស៊ីង(Suraj Pal Singh) បានជួបជុំក្រុមសាសនាប្រចាំខែ។
នគរបាល បាននិយាយថា មនុស្សប្រហែល ២៥០.០០០នាក់ បានប្រមូលផ្តុំគ្នានៅទីតាំងមួយកន្លែងនៅជិតផ្លូវហាយវ៉េ ទោះបីជាអាជ្ញាធរ បានផ្តល់ការអនុញ្ញាតសម្រាប់មនុស្សត្រឹមតែ ៨០.០០០នាក់ ក៏ដោយ ។

យ៉ាងហោចណាស់មនុស្ស ១២១ នាក់បានស្លាប់ និង ៣១ នាក់រងរបួស ដោយក្នុងនោះមានស្ត្រីចំនួន ១១២ នាក់ និងកុមារ ៧ នាក់ ។
សាក្សី បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា បញ្ហាបានចាប់ផ្តើមបន្ទាប់ពីក្រុមគោរពបូជានៅពេលរសៀល បានបញ្ចប់ ហើយគ្រូផ្តល់ឱវាទកំពុងចាកចេញពីកន្លែងប្រារព្ធពិធីជិះនៅក្នុងរថយន្តរបស់លោក។

បុរសម្នាក់អាយុ២២ឆ្នាំ បាននិយាយថា ផ្លូវចូល និងច្រកចេញ នៅកន្លែងនោះធំល្មមសម្រាប់មនុស្សត្រឹមតែ ១០ ឬ២០នាក់ប៉ុណ្ណោះ ដែលអាចធ្វើដំណើរឆ្លងកាត់ក្នុងពេលតែមួយបាន ប៉ុន្តែមនុស្សរាប់ពាន់នាក់បានសម្រុកចូលទៅ នៅពេលដែលរថយន្តរបស់គ្រូផ្តល់ឱវាទ បានចាកចេញ ដោយរត់តាមរថយន្តរបស់លោកដោយថ្មើរជើងដើម្បីមើលលោកឱ្យបានកាន់តែជិត។