អ្នកការទូតអឺរ៉ុបខាងលិចពីរនាក់បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ (០៣ កក្កដា) មួយសប្តាហ៍មុនពេលមេដឹកនាំសម្ព័ន្ធយោធា ណាតូ (NATO) នឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនថា សមាជិកណាតូបានយល់ព្រមផ្តល់មូលនិធិជំនួយយោធាសម្រាប់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ៤០ ពាន់លានអឺរ៉ូ (ជាង ៤៣ ពាន់លានដុល្លារ) នៅឆ្នាំ២០២៥។

អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បានស្នើឱ្យសម្ព័ន្ធមិត្តធ្វើការប្តេជ្ញាចិត្តរយៈពេលច្រើនឆ្នាំដើម្បីរក្សាជំនួយផ្នែកយោធាសម្រាប់ទីក្រុងគីវ ក្នុងកម្រិតដូចៗគ្នា ចាប់តាំងពីប្រតិបត្តិការយោធារុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយទឹកប្រាក់ប្រហែល ៤០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ។

ខណៈពេលដែលប្រទេសជាសមាជិកមិនបានគាំទ្រសំណើដើមរបស់លោក ស្តុលថិនប៊ឺក សម្រាប់ការសន្យាជំនួយរយៈពេលច្រើនឆ្នាំបែបនោះ កិច្ចព្រមព្រៀងថ្មីនេះរួមបញ្ចូលសំណើវាយតម្លៃឡើងវិញនូវការរួមចំណែករបស់សម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ នាពេលអនាគត នេះបើយោងតាមអ្នកការទូតម្នាក់។
អ្នកការទូតរូបនោះបានបន្ថែមថា សម្ព័ន្ធមិត្តក៏បានសម្រេចចិត្តថានឹងមានរបាយការណ៍ចំនួនពីរនៅឆ្នាំបន្ទាប់ ដើម្បីរាយការណ៍ថាតើប្រទេសណាត្រូវផ្គត់ផ្គង់អ្វីដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងការទាមទារឱ្យមានតម្លាភាពបន្ថែមទៀតលើការចែករំលែកបន្ទុកនៅក្នុងសម្ព័ន្ធយោធា។ ការសន្យាហិរញ្ញវត្ថុគឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ធំសម្រាប់អ៊ុយក្រែន ដែលបណ្ដាមេដឹកនាំណាតូ នឹងយល់ព្រមនៅពេលដែលពួកគេប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ៕