ភ្នំពេញ ៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ ២០២៤ ។
កិច្ចប្រជុំនៅទីស្នាក់ការអាជ្ញាធរមីននាវេលាថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២៤នេះ មានការចូលរួមពី លោកស្រី Chin tana Vongpaseuth លេខាទី១នៃស្ថានទូតអូស្រ្តាលី, លោក Mun Bae-um លេខាទី២នៃស្ថានទូតសាធារណ រដ្ឋកូរ៉េប្រចាំកម្ពុជា, លោក Matthew Allen លេខាទូតទី១ នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ និងលោក Shin Yong Hwa នាយករងភ្នាក់ងារ KOICA ប្រចាំកម្ពុជាព្រមទាំងមានការចូលរួមពីក្រុមការងាររៀប ចំផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ និងខេត្ត ព្រះវិហារ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណសម្រាប់ការគាំ ទ្រប្រកបដោយទឹកចិត្តសប្បុរសជូនចំពោះអង្គការ UNDP រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេអូស្រ្តាលី .សាធារណ រដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ ក្នុងចំណោមប្រទេស និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានចូលរួមគាំទ្រការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២០ -២០២៥) បានផ្តោតលើខេត្តចំនួន៣ គឺបាត់ដំបង បន្ទាយ មានជ័យ ប៉ៃលិន និងបានពង្រីកការបោសសម្អាតមីនបន្ថែមនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ មានថវិកាសរុប២៣,៨៥លានដុល្លារអាមេរិក បានមកពីរាជរដ្ឋាភិ បាលកម្ពុជា ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ សាធារណៈរដ្ឋកូរ៉េ(KOICA) និងUNDP។គម្រោងនេះ គាំទ្រលើសកម្មភាពចំនួន ៣ រួមមាន ទី១៖ ប្រតិបត្តិការបោសសម្អាតមីន ទី២៖ ការអប់រំការយល់ដឹងពីមីន ការជួយជនរងគ្រោះ ការបញ្ជ្រាបយេនឌ័រ ការធ្វើឱ្យប្រសើរឡើងនូវការវិភាគ ការប្រមូលការផ្សព្វផ្សាយទិន្នន័យ និងទី៣៖ ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាធរមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាប់ពីឆ្នាំ២០០៦ ដល់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល សម្រេចបាន ៣៦០ គីឡូ ម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១,២ លាននាក់ នៅតាមបណ្តាខេត្តភាគខាងលិចប្រទេសកម្ពុជា។ មីនប្រឆាំងមនុស្ស ៧៦ ៦៥៤ គ្រាប់មីនប្រឆាំងរថក្រោះ ១ ៥៣១ គ្រាប់ និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះដទៃទៀត ២១៩ ៣៨៥ ត្រូវបានរកឃើញ និងកម្ទេចចោល។ដោយ ឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនសម្រេចបាន ៧,៦ គីឡូម៉ែត្រការ៉េ ស្របតាមផែនការ និងគ្រោងបោសសម្អាត ១០,៤ គីឡូម៉ែត្រការ៉េទៀត សម្រាប់ឆមាសទី២ឆ្នាំ២០២៤។ ការងារផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ការងារបង្កើនសមត្ថភាព ការងារសង្គ្រោះជនរងគ្រោះដោយសារមីន ការងារបញ្ជា្របយេនឌ័រ និងការងារផ្សេងៗទៀត ទទួលបានលទ្ធផលល្អប្រសើរតាមផែនការ។
ជាមួយគ្នានោះ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលសៀមរាប -អង្គរ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានរាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍន ភាពការងារដោយផ្តោតទៅលើ អាទិភាពចំនួនបី៖ ១.ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា ២.ពង្រឹងការអនុវត្តមាត្រា៥(ការបោសសម្អាតមីន) និង ៣.ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះក៏មានការលើកឡើងអំពីការធានាភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ច ប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ផងដែរ។
ក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលទាំងអស់ បានសម្តែងនូវការគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ភាពជោគជ័យ ក្នុងការដឹកនាំ និងដោះស្រាយបញ្ហាសកម្មភាពមីនរយៈពេលជាង ៣០ឆ្នាំកន្លងនេះ ព្រមទាំងប្តេជ្ញាបន្តរៀបចំផែនការរយៈពេលវែងរបស់ខ្លួន ក្នុងការគាំទ្រដល់ផែនការយុទ្ធសាស្រ្តសកម្មភាពមីនរបស់រាជរដ្ឋាភិបាលកម្ពុជា តទៅមុខទៀត ដើម្បីអាចឱ្យកម្ពុជាអស់ការគំរាមពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
សូមបញ្ជាក់ថា រយៈពេល៣១ឆ្នាំ (១៩៩២-២០២៣) កម្ពុជា រំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣ ០២៤ គីឡូម៉ែត្រការ៉េ រកឃើញនិងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ និងមានអ្នកទទួលផលជាច្រើនលាននាក់។ ទន្ទឹមនឹងនោះ កម្ពុជា បានដាក់ផែនការរំដោះផ្ទៃដីមានមីនទំហំ ២០០គីឡូម៉ែត្រការ៉េ សម្រាប់ឆ្នាំ២០២៤-២០២៥។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕
អត្ថបទ ៖ ភារម្យ













