
ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃពុធថា បេសកជននុយក្លេអ៊ែរជាន់ខ្ពស់របស់កូរ៉េខាងត្បូង បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាដ៏ស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី នៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាឧបទ្វីបកូរ៉េ ជាមួយអ្នកការទូតបរទេស នៅទីក្រុងសេអ៊ូល។
ក្រសួង បានបញ្ជាក់ថា លោក Lee Jun-il អគ្គនាយកទទួលបន្ទុកគោលនយោបាយឧបទ្វីបកូរ៉េ បានអញ្ជើញឯកអគ្គរដ្ឋទូត និងអ្នកការទូតមកពីប្រទេសចំនួន ៣០ឲ្យចូលរួមកិច្ចប្រជុំតុមូលពីរដាច់ដោយឡែកពីគ្នា ស្តីពីបញ្ហាកូរ៉េខាងជើង នៅថ្ងៃចន្ទនិងថ្ងៃពុធ។
ប្រទេសដែលចូលរួមទាំងមានវត្តមានការទូតនៅកូរ៉េខាងជើង ឬមានបេសកជនជាន់ខ្ពស់របស់ពួកគេប្រចាំទីក្រុងសេអ៊ូល និងឯកអគ្គរដ្ឋទូតរបស់ពួកគេប្រចាំនៅទីក្រុងព្យុងយ៉ាង។
ប្រទេសទាំងនោះរួមមាន កាតេម៉ាឡា ន័រវែស ដាណឺម៉ាក ឡាវ ប៊ុលហ្គារី ប្រេស៊ីល អេស្ប៉ាញ សាធារណរដ្ឋឆេក បារាំង និងអូស្ត្រាលី ព្រមទាំងសហភាពអឺរ៉ុបផងដែរ។
លោក Lee បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងទីក្រុងមូស្គូ និងទីក្រុង ព្យុងយ៉ាង បង្ហាញយ៉ាងច្បាស់ពីរបៀបដែលសន្តិសុខនៅអាស៊ីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសន្តិសុខនៅអឺរ៉ុប ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងដែលអាចបង្កឡើងដោយទំនាក់ទំនងរបស់ពួកគេ។