
ប្រមុខយោធារបស់ទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានណែនាំកងកម្លាំងប្រដាប់អាវុធឲ្យបន្ថយភាពតានតឹង នៅក្នុងសមុទ្រចិនខាងត្បូង ដោយស្របតាមកិច្ចពិភាក្សា នាពេលថ្មីៗនេះ ដែលត្រូវបានធ្វើឡើងរវាងមន្ត្រីចិន និងហ្វីលីពីន។
ឧត្តមសេនីយ លោក Romeo Brawner បានប្រាប់អ្នកសារព័ត៌មានថា យោធាបានបង្ហាញជូនលោកប្រធានាធិបតីនូវជម្រើសជាច្រើន ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងបេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់ជាប្រចាំដល់កងទ័ព នៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ដោយសកម្មភាពនេះបានធ្វើភាពតានតឹងជាមួយទីក្រុងប៉េកាំងកាន់តែកើនឡើង។
គួរបញ្ជាក់ថា ហ្វីលីពីន និងចិន ដែលមានជម្លោះជាយូរមកហើយ នៅក្នុងផ្លូវទឹកជាយុទ្ធសាស្ត្រ បានយល់ស្របជាមួយគ្នា កាលពីថ្ងៃអង្គារ (ទី២ ខែកក្កដា) សម្រាប់តម្រូវការ ក្នុងការ «ស្តារទំនុកចិត្ត» និង «កសាងទំនុកចិត្តឡើងវិញ» បន្ទាប់ពីមានជំនួបកម្រិតខ្ពស់មួយ។
ជាមួយគ្នានេះ លោក Brawner បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីន ក៏នឹងសម្របសម្រួលជាមួយសមាជិកព្រឹទ្ធសភាម្នាក់ ដែលអះអាងថា ដឹងអំពីផែនការរបស់ចិន ក្នុងការដាល់គោលដៅវាយប្រហារប្រទេសរបស់ខ្លួន ដោយប្រើមីស៊ីលល្បឿនលឿនជាងសំឡេង។
សូមបញ្ជាក់ថា ព្រឹទ្ធសមាជិក លោកស្រី Imee Marcos ដែលជាប្អូនស្រីរបស់ប្រធានាធិបតី និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភា បានបង្កើតការភ្ញាក់ផ្អើល កាលពីដើមសប្តាហ៍នេះ តាមរយៈវីដេអូរបស់លោកស្រីដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម TikTok។ តែយ៉ាងណាក្ដី លោកស្រីមិនបានផ្តល់ភស្តុតាង ជុំវិញការអះអាងរបស់លោកស្រីនោះទេ៕