
រដ្ឋាភិបាលចាំផ្ទះអាហ្វហ្កានីស្ថាន មានគោលបំណងចូលរួមជាមួយគ្រប់ភាគី និងដោះស្រាយបញ្ហាលំបាកៗ ដូចជាការដកទណ្ឌកម្មនៅក្នុងកិច្ចប្រជុំលើកទី៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិស្តីពីអាហ្វហ្គានីស្ថាន នៅទីក្រុងដូហាពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ។ អ្នកវិភាគនិយាយថា ការចូលរួមរបស់ខ្លួន អាចជួយប្រទេសដែលហែកហួរដោយសង្រ្គាម ងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច និងបង្កើនទំនាក់ទំនងក្នុងតំបន់។
លោក Tahir Farooq និពន្ធនាយកនៃសារព័ត៌មាន Daily Ittehad Media Group និងគេហទំព័រសារព័ត៌មាន Pakistan Economic Net បាននិយាយថា៖«ការចូលរួមរបស់ប្រទេសអាហ្វហ្គានីស្ថាននៅក្នុង សន្និសីទក្រុងដូហា (ខែមិថុនា) ២០២៤ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់ និងការចូលរួមជាអន្តរជាតិ» ។ «វត្តមានរបស់អ្នកតំណាងអាហ្វហ្គានីស្ថាននៅក្នុងព្រឹត្តិការណ៍ដ៏ល្បីមួយបែបនេះ បង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសន្ទនាជាមួយសហគមន៍ពិភពលោក។
សន្និសីទនេះ គឺពិតជាចាំបាច់ណាស់សម្រាប់ក្រុមតាលីបង់ក្នុងការកសាងជំនឿទុកចិត្ត និងទំនុកចិត្ត ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឲ្យមានស្ថិរភាព និងវិបុលភាពអាហ្វហ្គានីស្ថាន»។
នេះជាលើកទី១ ហើយដែលរដ្ឋាភិបាលចាំផ្ទះ បានចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៃបេសកជនពិសេសស្តីពីអាហ្វហ្គានីស្ថាន ដោយមានការចូលរួមពីបេសកជនមកពីប្រទេសចំនួន២៥។