
នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន បានថ្កោលទោសការវាយប្រហាររបស់ក្រុមជីវពលនៅសាធាណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានសម្លាប់ពលរដ្ឋមួយចំនួនរបស់ពួកគេ និងបានអំពាវនាវឲ្យតាមចាប់ខ្លួនជនល្មើស ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយសារព័ត៌មានក្នុងស្រុករាយការណ៍ថា ជនជាតិចិន ៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើទីតាំងអណ្តូងរ៉ែ ស្ថិតនៅខេត្ត Ituri ភាគឦសានប្រទេសកុងហ្គោ ។
ក្រសួងការបរទេសចិន និយាយថា ការវាយប្រហារកាលពីថ្ងៃពុធ ដោយកងកម្លាំងប្រដាប់អាវុធលើក្រុមហ៊ុនឯកជនចិន នាំឲ្យមានមនុស្សស្លាប់ និងការបាត់ខ្លួនពលរដ្ឋចិនជាច្រើននាក់ទៀត ។
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា ចិនកំពុងទំនាក់ទំនងយ៉ាងដិតដល់ជាមួយក្រុមអាជ្ញាធរកុងហ្គោ ដើម្បីស្វែងរកអ្នកបាត់ខ្លួន ៕