
ក្រុមហេសប៊ូឡា និយាយនៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានបាញ់រ៉ុក្កែតជាង ២០០គ្រាប់ និងយានដ្រូនរាប់សិបគ្រឿងលើទីតាំងយោធា ១០កន្លែងរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងការសម្លាប់មេបញ្ជាការម្នាក់ ក្នុងចំណោមមេបញ្ជាការជាន់ខ្ពស់របស់ពួកគេ នៅតំបន់ភាគខាងត្បូងលីបង់កាលពីថ្ងៃពុធ ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយថា ការអះអាងរបស់ក្រុមហេសប៊ូឡា កំពុងស្ថិតក្រោមការត្រួតពិនិត្យ ស្របពេលដែលសេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល និយាយថា គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញផ្សែងហុយនៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពង់រាប Golan Heights នាថ្ងៃព្រហស្បតិ៍នេះ និងឃើញប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល បាញ់ស្កាត់រ៉ុក្កែត ។
ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះ បានកើតមានឡើង បន្ទាប់ពីការវាយប្រហារ ២លើកកាលពីថ្ងៃពុធ ដើម្បីឆ្លើយតបចំពោះអ្វីដែលក្រុមហេសប៊ូឡា និយាយថា ជាការធ្វើឃាតមេបញ្ជាការរបស់ខ្លួនគឺលោក Mohammed Nasser ៕