
រថយន្តគិលានសង្រ្គោះក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានដឹកជញ្ជូនអ្នកគ្រោះថ្នាក់ទៅកាន់មន្ទីរពេទ្យ Al-Ahli ស្ថិតក្នុងទីក្រុងហ្កាហ្សា កាលពីយប់ថ្ងៃពុធ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។
ក្រុមគ្រូពេទ្យបឋម និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវចំសាលារៀនមួយខ្នងនៅទីក្រុងហ្កាហ្សា ហើយសេវាកម្មសង្រ្គោះបន្ទាន់ស៊ីវិល និយាយថា ជនប៉ាឡេស្ទីន ៥នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ស្របពេលការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងចាស់ ស្ថិតក្នុងទីក្រុងហ្កាហ្សា នាថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់ ស្រ្តីម្នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ។
យោធាអ៊ីស្រាអែល ពុំបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយជុំវិញការវាយប្រហារមួយនេះ ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍នេះថា ជនប៉ាឡេស្តីនជាង ៣៨.០១១នាក់ ត្រូវបានសម្លាប់ និង ៨៧.៤៤៥នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុនរហូតមក ៕