ប្រធានាធិបតីកំពុងកាន់តំណែង លោក Nicolas Maduro និងគូប្រជែងសំខាន់របស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោក អ៊ីដមុនដូ ហ្គុនហ្សាឡេស(Edmundo Gonzalez) បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរៀងៗខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការប្រមូលផ្តុំទ្រង់ទ្រាយធំ នៅទីក្រុងការ៉ាកាស។

លោក Edmundo និងមេដឹកនាំគណបក្សប្រឆាំង លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ(Maria Corina Machado) បានធ្វើដំណើរទៅកាន់ភាគខាងកើតទីក្រុងការ៉ាកាស នៅលើរថយន្តមួយគ្រឿង ហើយត្រូវបានហ៊ុមព័ទ្ធដោយអ្នកគាំទ្ររាប់រយនាក់។

ក្នុងរបៀបស្រដៀងគ្នានេះ លោក Maduro បានគ្រវីដៃទៅរកអ្នកគាំទ្រ នៅលើរថយន្តធុនធំ ទៅកាន់កណ្តាលទីក្រុង ដែលមានភ្លៀងធ្លាក់នៅពេលបញ្ចប់ការជួបជុំ។ នេះជាលើកទីមួយហើយ ដែលបេក្ខជនទាំងពីរ បានប្រជុំយុទ្ធនាការនៅក្នុងទីក្រុងតែមួយ។

គណបក្សប្រឆាំង មានការនាំមុខច្រើនក្នុងការស្ទង់មតិ នៅមុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ទោះបីបន្ទាប់ពីតុលាការ បានហាមឃាត់មេដឹកនាំ លោកស្រី Maria Corina Machado មិនឲ្យឈរឈ្មោះជុំវិញការចោទប្រកាន់ពីការបំពានលួចបន្លំ។
មានចម្ងល់ជាច្រើនថាតើ ការបោះឆ្នោតនឹងអាចជឿទុកចិត្តបានដែរឬទេ បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា បានបដិសេធការអញ្ជើញអ្នកសង្កេតការណ៍បោះឆ្នោតរបស់សហភាពអឺរ៉ុប។
យុទ្ធនាការបោះឆ្នោត នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា។
យ៉ាងហោចណាស់ប្រជាជនវេណេស៊ុយអេឡា២១លាននាក់ បានចុះឈ្មោះសម្រាប់ការបោះឆ្នោត។