ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធពង្រឹងការអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះពីការផ្ទុះឡើងសត្វល្អិតចង្រៃ បំផ្លាញដំណាំរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដីព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយដូចជាគ្រាប់ពូជ ឬធនធានចាំបាច់ដទៃទៀតដល់ប្រជាកសិកររងគ្រោះ ដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញបាន និងសូមឱ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមទីតាំងដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃនេះ ពង្រឹងការចុះមូលដ្ឋានដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង ព្រមទាំងរាយការណ៍ និងលើកជាអនុសាសន៍ជាក់លាក់ជូនរាជរដ្ឋាភិបាលតាមការចាំបាច់។
បើតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថាមកទល់ពេលនេះរុយ ស កំពុងមានវត្តមាននៅខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជា ប៉ុន្តែពុំទាន់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំកសិកម្មនៅឡើយទេ ខណៈមន្រ្តីជំនាញកំពុងយកចិត្តទុកដាក់ក្នុងការកម្ចាត់សត្វចង្រៃទាំងនេះ ដើម្បីជួយដល់ដំណាំរបស់កសិករ។ ជាមួយគ្នានេះ មន្ត្រីជំនាញកសិកម្ម ណែនាំឱ្យកសិករត្រូវប្រើប្រាស់ជីបំប៉នលើដំណាំស្រូវ ដែលបានរងបំផ្លាញពីរុយសរួចឱ្យបានទាន់ពេលវេលា ដើម្បីស្តារ និងសង្រ្គោះដំណាំទាំងនោះឡើងវិញ។
ក្រសួងបញ្ជាក់ថា មកទល់ពេលនេះមន្រ្តីជំនាញកសិកម្មបានប្រទះឃើញវត្តមានរបស់រុយ ស នៅក្នុងខេត្តស្វាយរៀង តាកែវ ព្រៃវែង និងខេត្តពោធិ៍សាត់។ នៅក្នុងចំណោមខេត្តទាំង៤នេះ គឺខេត្តព្រៃវែងបានរងផលប៉ះពាល់ច្រើនជាងគេ ខណៈខេត្តតាកែវបានធូស្រាលឡើងវិញ និងអាចគ្រប់គ្រងបាន ហើយនៅក្នុងខេត្តពោធិ៍សាត់កំពុងស្ថិតក្នុងទ្រង់ទ្រាយតូច និងកំពុងទប់ស្កាត់ដើម្បីកុំឱ្យមានការរាលដាលដល់បណ្ដាខេត្តផ្សេងៗទៀត។
នៅមុនបិទកិច្ចប្រជុំ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់ដែលបាន គាំទ្រ គម្រោងព្រែកជីក ហ្វូណនតេជោ ដោយ សម្តេច បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះបឋមសីលា បើកការដ្ឋាន ព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត៕




