នគរបាលបានប្រាប់ឲ្យដឹងថា មនុស្ស ៨នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសឥណ្ឌា នាថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) នេះ ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកនយោបាយ ដែលជួយគាំទ្រសិទ្ធិពលរដ្ឋឥណ្ឌាវណ្ណៈទាប។
គួរបញ្ជាក់ថា លោក K. Armstrong ដែលជាប្រធានគណបក្ស Bahujan Samaj (BSP) ប្រចាំរដ្ឋ Tamil Nadu ត្រូវបានកាប់រហូតដល់ស្លាប់ដោយកាំបិត និងកណ្ដៀវនៅក្បែរផ្ទះរបស់លោក ក្នុងទីក្រុង Chennai ភាគខាងត្បូង កាលពីយប់ថ្ងៃសុក្រ (ទី៥ ខែកក្កដា)។

សារព័ត៌មាន Indian Express បានរាយការណ៍ថា បុរស ៦នាក់ ដែលធ្វើដំណើរដោយម៉ូតូ បានវាយប្រហារលោក Armstrong ខណៈពេលដែលរូបលោកកំពុង «ជជែកជាមួយមិត្តភក្តិ និងអ្នកគាំទ្រ» នៅក្បែរផ្ទះរបស់លោក ក្នុងរដ្ឋ Tamil Nadu។ បុរសទាំងនោះត្រូវបានគេរាយការណ៍ថា បាននាំគ្នារត់គេចខ្លួន មុនពេលមាននរណាម្នាក់អាចចូលអន្តរាគមន៍។
ក្រោយមក អ្នកគាំទ្រជាច្រើននាក់របស់លោក Armstrong បាននាំគ្នាដើរបាតុកម្ម នាពេលល្ងាច ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើឃាតលើរូបលោក និងទាមទាររកយុត្តិធម៌។
មន្ត្រីនគរបាលជាន់ខ្ពស់ នៅទីក្រុង Chennai លោក Asra Garg បាននិយាយថា ជនសង្ស័យចំនួន ៨នាក់ កំពុងត្រូវបានសួរចម្លើយ បន្ទាប់ពីមាន «ការស៊ើបអង្កេតបឋម»។
លោកស្រី Mayawati ប្រមុខគណបក្ស BSP ទូទាំងប្រទេស បាននិយាយថា ការវាយប្រហារនេះ គឺ «ពិតជាគួរឲ្យស្អប់ខ្ពើមជាទីបំផុត ហើយសូមថ្កោលទោសយ៉ាងខ្លាំងក្លា»៕
