សម្ព័ន្ធមិត្តជាច្រើនរបស់ប្រទេសបារាំង សម្ដែងក្ដីត្រេកអរដែលរឿងអាក្រក់បំផុតត្រូវបានបញ្ចៀស នៅពេលដែលក្រុមស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បរាជ័យក្នុងការឈ្នះការបោះឆ្នោតសភាជុំទីពីរកាលពីថ្ងៃអាទិត្យ (០៧ កក្កដា) ប៉ុន្តែពួកគេបារម្ភថា សម្ព័ន្ធភាពដ៏រញ៉េរញ៉ៃនៅក្នុងសភាបារាំង អាចបង្ករឿងឈឺក្បាលសម្រាប់អឺរ៉ុប។

គណបក្ស រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ឡឺប៉ែន បានឈរនៅលេខរៀងទីមួយឈ្មោះបោះឆ្នោតជុំទីមួយ ដោយបង្កើនហានិភ័យថាអាចមានរដ្ឋាភិបាលស្តាំនិយមជ្រុលដំបូងរបស់បារាំង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងការគម្រាមកំហែងលើគោលនយោបាយសេដ្ឋកិច្ច និងការបរទេសនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូមួយនេះ។

ជាពិសេស សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបារម្ភថា រដ្ឋាភិបាលដឹកនាំដោយលោកស្រី ឡឺប៉ែន អាចនឹងងាកលើខាងទីក្រុងមូស្គូ និងកាត់បន្ថយការផ្តល់ជំនួយផ្នែកយោធា ដែលទីក្រុងគីវ ពឹងផ្អែកចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ ទោះបីជាបក្សលោកស្រី ឡឺប៉ែន បាននិយាយថា រុស្ស៊ីគឺជាការគំរាមកំហែងក៏ដោយ។

ប្រតិកម្មដំបូងៗជាច្រើនពីក្រៅប្រទេសដូចជា ប៉ូឡូញ អាល្លឺម៉ង់ អេស្ប៉ាញ និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតជាច្រើនបានត្រេកអរ ដែលការគំរាមកំហែងភ្លាមៗរបស់រដ្ឋាភិបាលស្តាំនិយមជ្រុលត្រូវបានលុបបំបាត់។ ការបរាជ័យរបស់បក្ស រួបរួមកម្លាំងជាតិ បង្ហាញថាយ៉ាងហោចណាស់មានការរុញច្រានជាបណ្តោះអាសន្នប្រឆាំងនឹងកំណើនក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប ប៉ុន្តែក៏បង្ហាញពីរយៈពេលនៃអស្ថិរភាពជាមួយរដ្ឋាភិបាលថ្មីនៅក្នុង «ការរួមរស់ជាមួយគ្នា» ដែលមិនងាយស្រួល សម្រាប់លោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)៕