កំពង់ស្ពឺ ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤(ឆមាសទី១) មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ រកឃើញទីតាំងបុរាណដ្ឋានជិត៦០០ទីតាំង និងបោះបង្គោលការពារ បានចំនួន៦៨ទីតាំង។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក បន្តថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានរកឃើញទីតាំងបុរាណដ្ឋានចំនួន៥៦០ទីតាំង រកឃើញថ្មីចំនួន៥១ទីតាំង បានកំណត់និយាមការសរុបចំនួន៣៣៦ទីតាំង ចុះធ្វើបណ្ណកម្មសិទ្ធសរុបចំនួន១៩២ទីតាំង (បង្កាន់ដៃសម្រាប់ទទួលប្លង់រឹង ចំនួន១៤៦ និងប្លង់រឹងចំនួន៤៦) និងបោះបង្គោលការពារ បានចំនួន៦៨ទីតាំង ប្រើបង្គោលព្រំអស់៣៧៨ដើម។
លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ទៀតថា សម្រាប់ផែនការ និងទិសដៅអនុវត្តបន្ត ក្នុងឆមាសទី២ខាងមុខនេះ មនី្ទរវប្បធម៌ ត្រៀមផែនការអនុវត្តដូចឆមាសទី១ផងដែរ ដោយផ្តោតសំខាន់លើសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី និងបេតិកភណ្ឌវប្បធម៌រូបី (កិច្ចការចុះសិក្សាស្រាវជ្រាវ និងបង្ហាត់របាំប្រពៃណីតន្រី្តបុរាណ តាមបណ្តាសាលារៀន អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ)។ ដោយឡែកការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺមន្រី្តជំនាញរបស់យើង នៅតែបន្តចូលរួមអនុវត្ត ដើម្បីអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រស្របតាមគោលនយោបាយជាតិស្តីវប្បធម៌ និងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕
អត្ថបទ រដ្ឋា




















